(តេហេរ៉ង់)៖ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា អ៉ីរ៉ង់នឹងមិនពិចារណាផ្អាកជាបណ្តោះអាសន្ន នូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ ដែលថាអ៉ីរ៉ង់អាចនឹងផ្អាកការចម្រាញ់អ៊ុយរ៉ាញ៉ូមរយៈពេល៣ឆ្នាំ ដើម្បីបើកផ្លូវឆ្ពោះ​ទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៉ីរ៉ង់នឹងគ្មានថ្ងៃទទួលយកការធ្វើបែបនោះជាដាច់ខាត។

ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងបើកកិច្ចចរចាដោយផ្ទាល់ប៉ុន្មានជុំមកហើយ ដើម្បីព្យាយាមដោះស្រាយវិវាទ ជុំវិញកម្មវិធីនុយក្លេអ៊ែរ​របស់ប្រទេសអ៉ីរ៉ង់ ហើយភាគីទាំងពីរជាសាធារណៈបានប្រកាន់ជំហររឹងមាំដូចគ្នា ជុំវិញបញ្ហានៃការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។ លោក Baghaei បានប្រាប់ថា កាលបរិច្ឆេទមិនទាន់កំណត់នៅឡើយទេ សម្រាប់កិច្ចចរចាជុំទី៦ ជាមួយទីក្រុងវ៉ាស៉ីនតោន។ ការចរចាជុំទី៥រវាងភាគីទាំងពីរ បានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍មុន នៅទីក្រុងរ៉ូម។ លោក Baghaei បានលើកឡើងថា «ប្រសិនបើភាគីអាមេរិកមានសុឆន្ទៈ យើងក៏មានសុទិដ្ឋិនិយមដែរ ប៉ុន្តែបើកិច្ចពិភាក្សា ផ្តោតលើការរឹតត្បិតសិទ្ធិរបស់អ៉ីរ៉ង់ នោះការជជែកគ្នា ច្បាស់ជានឹងមិនអាចទៅមុខឡើយ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ទប់ស្កាត់លទ្ធភាពរបស់ទីក្រុងតេហេរ៉ង់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលអាចបង្កឱ្យមាន ការរត់ប្រណាំងនុយក្លេអ៊ែរនៅក្នុងតំបន់ ហើយអាចគំរាមកំហែងអ៉ីស្រាអែល។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ បានអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែបម្រើគោលដៅស៉ីវិលដោយសន្តិវិធីប៉ុណ្ណោះ និងព្យាយាមចង់ឱ្យមានការដកទណ្ឌកម្មដ៏ធ្ងន់ធ្ងរចេញវិញ៕