(ហាណូយ)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃចន្ទនេះ បានបកស្រាយអំពីឧប្បត្តិហេតុមួយដែលលោកជំទាវ Brigitte ភរិយារបស់លោក ហាក់ដូចជារុញមុខលោក នៅពេលដែលពួកគេបានមកដល់ប្រទេសវៀតណាមថា គ្រាន់តែជាការ «ឈ្លោះប្រកែកគ្នា ឬនិយាយលេងសើច» ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥។

វីដេអូដែលបានផ្សព្វផ្សាយបានបង្ហាញថា នៅល្ងាចថ្ងៃអាទិត្យ មុនពេលចុះពីយន្តហោះនៅទីក្រុងហាណូយ លោកជំទាវ Brigitte Macron ហាក់ដូចជាបានរុញមុខរបស់លោក Macron បន្តិច ដែលបណ្ដាលឲ្យលោកប្រធានាធិបតីដើរថយក្រោយមួយជំហាន។ បន្ទាប់មក លោក Macron បានឈរនៅពីក្រោយតួយន្តហោះមួយភ្លែត ដែលបាំងមិនឲ្យគេឃើញពីកាយវិការរបស់លោក មុនពេលលោកងើបខ្លួនឡើងវិញ ហើយគ្រវីដៃទៅកាន់អ្នកទទួលនៅខាងក្រោម។ នៅពេលដែលគូស្វាមីភរិយាប្រធានាធិបតីបានចុះពីលើយន្តហោះជាមួយគ្នា គេសង្កេតឃើញលោកជំទាវ Brigitte ក៏បានបដិសេធមិនកាន់ដៃរបស់ស្វាមីលោកផងដែរ។

ឆ្លើយតបនឹងចម្ងល់របស់អ្នកសារព័ត៌មាននៅទីក្រុងហាណូយ លោក Macron បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងឈ្លោះប្រកែកគ្នា ឬនិយាយលេងសើចជាមួយប្រពន្ធរបស់ខ្ញុំប៉ុណ្ណោះ។ វាគ្មានអ្វីទេ»។ ទន្ទឹមនឹងនេះ មន្ត្រីវិមាន Elysee បានពន្យល់ថា វាគឺជាពេលវេលាផ្ទាល់ខ្លួនបែបលេងសើច និងស្និទ្ធស្នាលរវាងលោក Macron និងភរិយា មុនពេលចាប់ផ្តើមការងារ ហើយមិនគួរត្រូវបានបកស្រាយខុសពីនេះទេ។

លោក Macron ក៏បានឆ្លៀតឱកាសនេះរំលឹកថា នេះមិនមែនជាលើកទីមួយទេ ដែលខ្លឹមសារវីដេអូរបស់លោកត្រូវបានគេបកស្រាយខុស។ លោកបានលើកឡើងពីវីដេអូមួយអំឡុងពេលទស្សនកិច្ចនៅអ៊ុយក្រែន ដែលបង្ហាញលោកយកវត្ថុពណ៌សមួយពីតុ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចោទ (ដោយគ្មានភស្តុតាង) ថាជាកូកាអ៊ីន ខណៈដែលលោក Macron អះអាងថាវាជាក្រដាសជូតមាត់ ហើយការិយាល័យរបស់លោកបានចោទសត្រូវរបស់បារាំងពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុ និងការបកស្រាយវីដេអូទាក់ទងនឹងមេដឹកនាំនយោបាយ កំពុងក្លាយជារឿងដែលកើតមានជាញឹកញាប់នៅក្នុងយុគសម័យឌីជីថល និងបណ្តាញសង្គម៕