(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា បានច្រានចោលការអះអាងមួយរបស់ហាម៉ាសដែលថាក្រុមរបស់ខ្លួនបានយល់ព្រមទទួលយកសំណើបទឈប់បាញ់ហ្កាហ្សាមួយ ដែលត្រូវបានរាយការណ៍ថានឹងតម្រូវឱ្យមានការដោះលែងចំណាប់ខ្មាំង១០នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៧០ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលស្និទ្ធនឹងហាម៉ាសបាននិយាយថាហាម៉ាសបានយល់ព្រមទទួលយកសំណើមួយស្នើឡើងដោយបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff សម្រាប់បទឈប់បាញ់ហ្កាហ្សា ដែលហាម៉ាសបានទទួលតាមរយៈក្រុមអ្នកសម្របសម្រួល។ មន្ត្រីហាម៉ាសម្នាក់ទៀតក៏បានប្រាប់ AFP ដែរថាក្រុមរបស់ខ្លួនបានយល់ព្រមទទួលយកសំណើថ្មីរបស់ សហរដ្ឋអាមេរិក ដែលហាម៉ាសទទួលបានពីក្រុមអ្នកសម្របសម្រួល។ ក៏ប៉ុន្តែតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក Axios និងត្រូវបានបញ្ជាក់ដោយ AFP ពីអ្នកនាំពាក្យរបស់លោក Witkoff បេសកជនពិសេសអាមេរិករូបនេះបានច្រានចោលការលើកឡើងដែលថាហាម៉ាសព្រមទទួលយកសំណើរបស់លោក។

«បេសកជនសេតវិមាន លោក Steve Witkoff បានច្រានចោលការអះអាងដែលថាហាម៉ាសទទួលយកសំណើរបស់លោកសម្រាប់ការដោះលែងចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់»។ នេះជាការគូសបញ្ជាក់របស់លោក Barak Ravid ជាអ្នករាយការណ៍ព័ត៌មានរបស់ Axios នៅលើបណ្ដាញទំនាក់ទំនងសង្គម X។ អ្នកព័ត៌មានរូបនេះបានបន្ថែមដោយស្រង់សម្ដីលោក Witkoff ថា «អ្វីដែលខ្ញុំបានឃើញពីហាម៉ាសនោះគឺជារឿងគួរឱ្យសោកស្ដាយ និងមិនអាចទទួលយកបានទំាំងស្រុង»

គួរបញ្ជាក់ថា បើតាមប្រភពរបស់ហាម៉ាស កិច្ចព្រមព្រៀងដែលបានលើកឡើងខាងលើក្នុងនោះរួមមានបទឈប់បាញ់៧០ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង១០នាក់ ហើយអំឡុងបទឈប់បាញ់ កិច្ចចរចានឹងត្រូវធ្វើឡើងដោយផ្ដោតលើបទឈប់បាញ់អចិន្ត្រៃយ៍មួយដោយមានការធានាពីសហរដ្ឋអាមេរិក៕