(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការលើកលែងទោស សម្រាប់អតីតមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់នៅរដ្ឋ Virginia ដែលកាលពីឆ្នាំមុនត្រូវបានរកឃើញមានពិរុទ្ធពីបទស៉ីសំណូក ខណៈប្រការនេះធ្វើឱ្យមន្រ្តីប៉ូលិសរូបនោះ រួចផុតពីការជាប់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីប្រកាសផ្តល់ការលើកលែងទោសទាំងស្រុង និងគ្មានលក្ខខណ្ឌ លោក ត្រាំ បាននិយាយដូច្នេះថា «លោក Scott Jenkins និងគ្រួសារត្រូវបានអូសឱ្យធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់ដូចឋានរក។ លោក Jenkins នឹងមិនត្រូវជាប់ពន្ធនាគារឡើយ ផ្ទុយមកវិញ លោកនឹងមានជីវិតយ៉ាងល្អប្រសើរ»។ លោក ត្រាំ បានចាត់ទុកថា លោក Jenkins គឺជាជនរងគ្រោះ នៅក្រោមក្រសួងយុត្តិធម៌របស់អតីតប្រធានាធិបតី លោក ចូ បៃដិន។
លោក Scott Jenkins ដែលជាអតីតមេប៉ូលិសប្រចាំតំបន់ Culpeper County នៃរដ្ឋ Virginia ត្រូវបានរកឃើញមានពិរុទ្ធដោយគណៈវិនិច្ឆ័យ កាលខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការទទួលប្រាក់សំណូក សរុបចំនួន៧៥ ០០០ដុល្លារ ហើយកាលពីខែមីនា ឆ្នាំនេះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ចាប់តាំងពីជាប់ពិរុទ្ធ លោក Jenkins បានអំពាវនាវទៅកាន់ លោក ត្រាំ ដោយផ្ទាល់ ដើម្បីស្នើសុំលោកប្រធានាធិបតី ជួយធ្វើអន្តរាគមន៍។
គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី លោក ត្រាំ កាលពីខែមករា បានលើកលែងទោសសឹងតែគ្រប់គ្នា សម្រាប់ជនទាំងឡាយ ដែលរងការចោទប្រកាន់ព្រហ្មទណ្ឌ ពាក់ព័ន្ធការចូលរួមក្នុងសកម្មភាពវាយប្រហារ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមានសភាអាមេរិក ហើយកាលពីខែកុម្ភៈ លោកបានលើកលែងទោស អតីតអភិបាលរដ្ឋ Illinois ដែលជាប់ពិរុទ្ធពីបទព្យាយាមលក់អាសនៈព្រឹទ្ធសភាដែលនៅទំនេរ របស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។ ក្រៅពីនេះ ក៏មានអ្នកផ្សេងទៀត ដែលទទួលបានការលើកលែងទោសពី លោក ត្រាំ ផងដែរ៕