(ព្រុចសែល)៖ សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះបានអនុម័តមូលនិធិសព្វាវុធរួមថ្មីមួយដែលមានទំហំ ១៥០ពាន់លានអឺរ៉ូ ដើម្បីជំរុញឧស្សាហកម្មការពារជាតិផ្ទាល់ខ្លួន ដែលជាចំណាត់ការដ៏ធំមួយ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការគំរាមកំហែងរបស់រុស្ស៊ី និងភាពមិនច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥។
មូលនិធិ «សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប» ដែលហៅកាត់ថា SAFE នេះ នឹងប្រើប្រាស់ប្រាក់កម្ចីរួម ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងការពារជាតិរួមគ្នារបស់អឺរ៉ុប។ ការសម្រេចចិត្តនេះ ធ្វើឡើងខណៈមេដឹកនាំអឺរ៉ុបបារម្ភថារដ្ឋបាលលោក ដូណាល់ ត្រាំ អាចនឹងមិនការពារពួកគេ ហើយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឲ្យមានការបង្កើនការចំណាយការពារជាតិជាង ៣០% រួចទៅហើយ។ ប៉ូឡូញ ដែលជាប្រធានសហភាពអឺរ៉ុប បានថ្លែងថា ការវិនិយោគលើសន្តិសុខ គឺដើម្បីរារាំងអ្នកឈ្លានពាន។
គំនិតផ្តួចផ្តើម SAFE សង្កត់ធ្ងន់លើការ «ទិញផលិតផលអឺរ៉ុប» ដើម្បីជំរុញឧស្សាហកម្មការពារជាតិរបស់ទ្វីប និងកាត់បន្ថយការពឹងផ្អែក។ គម្រោងភាគច្រើនត្រូវតែមានប្រភពពីក្រុមហ៊ុនអឺរ៉ុប ឬអ៊ុយក្រែន។ ទីក្រុងមូស្គូ បានហៅការបង្កើតមូលនិធិសម្រាប់បំពាក់អាវុធរបស់អឺរ៉ុបនេះថា ជាការញុះញង់សង្គ្រាម ដោយផ្អែកលើ «ការប្រឌិតរឿង»។
គួរបញ្ជាក់ថា ការបង្កើតមូលនិធិ SAFE នេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងគោលនយោបាយការពារជាតិរួមរបស់សហភាពអឺរ៉ុប ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃបរិយាកាសសន្តិសុខពិភពលោក៕