(អ៊ីស្លាម៉ាបាដ)៖ ការប៉ះទង្គិចគ្នាដោយប្រើដ្រូនទ្រង់ទ្រាយធំលើកដំបូងរវាងឥណ្ឌា និងប៉ាគីស្ថានកាលពីដើមខែឧសភា បានរុញច្រានមហាអំណាចនុយក្លេអ៊ែរទាំងពីរឲ្យឈានចូលទៅក្នុងការប្រណាំងសព្វាវុធដ្រូនយ៉ាងពេញទំហឹង ដោយភាគីទាំងពីរកំពុងបង្កើនការវិនិយោគ និងលទ្ធកម្មយន្តហោះគ្មានមនុស្សបើក (UAV) យ៉ាងឆាប់រហ័ស។ នេះបើតាមការវិភាគរបស់អ្នកជំនាញ និងប្រភពឧស្សាហកម្ម ដែលដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥។

ប្រទេសឥណ្ឌា គ្រោងនឹងចំណាយរហូតដល់ ៤៧០លានដុល្លារលើ UAV ក្នុងរយៈពេល ១២ ទៅ ២៤ខែខាងមុខ ដែលជាការកើនឡើងបីដងបើធៀបនឹងមុន។ នេះបើតាមលោក Smit Shah ពីសហព័ន្ធដ្រូនឥណ្ឌា។ មន្ត្រីឥណ្ឌាពីររូបបានបញ្ជាក់ថា ថវិកាបន្ថែមនឹងត្រូវប្រើសម្រាប់ដ្រូនប្រយុទ្ធ និងដ្រូនស៊ើបការណ៍។ លោក Vishal Saxena ពីក្រុមហ៊ុនផលិត UAV ឥណ្ឌា ideaForge បានកត់សម្គាល់ថា នីតិវិធីលទ្ធកម្មការពារជាតិឥឡូវនេះ កំពុងដំណើរការក្នុងល្បឿនលឿនមិនធ្លាប់មានសម្រាប់ការសាកល្បងដ្រូន។

ស្របពេលជាមួយគ្នានេះ ប៉ាគីស្ថានក៏កំពុងជំរុញការទទួលបាន UAV បន្ថែម និងបង្កើនសមត្ថភាពផលិតក្នុងស្រុក ដូចជាការសហការជាមួយក្រុមហ៊ុន Baykar របស់តួកគីយ៉េ ដើម្បីទប់ទល់នឹងឥណ្ឌា។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគព្រមានថា ការប្រើប្រាស់ដ្រូនកាន់តែច្រើន ក៏បង្កហានិភ័យនៃការវាយប្រហារលើតំបន់រសើប ឬមានមនុស្សរស់នៅ ដែលពីមុនមិនអាចធ្វើទៅបាន។

គួរបញ្ជាក់ថា ការប្រណាំងសព្វាវុធដ្រូននេះ កំពុងបន្ថែមស្រទាប់គ្រោះថ្នាក់ថ្មីមួយទៀត ទៅលើជម្លោះដ៏យូរអង្វែង និងងាយផ្ទុះឡើងរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនៅអាស៊ីខាងត្បូង ដែលអាចផ្លាស់ប្តូរទាំងស្រុងនូវរបៀបដែលពួកគេប្រឈមមុខដាក់គ្នា៕