(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែឧសភាថាកាណាដាអាចចូលរួមក្នុងគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome របស់លោកដោយឥតគិតថ្លៃ ប្រសិនបើយល់ព្រមក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមលោក ត្រាំ វានៅមានផ្លូវផ្សេងមួយទៀតសម្រាប់កាណាដា នោះគឺត្រូវបង់ប្រាក់ ៦១ពាន់លានដុល្លារដើម្បីក្លាយជាផ្នែកមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome។ លោក ត្រាំ ធ្លាប់បានលើកឡើងម្ដងហើយម្ដងទៀតថាលោកចង់ឱ្យកាណាដាក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ កាណាដាបានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលរួមក្នុងគម្រោងផលិត Golden Dome ដែលត្រូវបានប្រកាសដោយលោក ត្រាំ កាលពីសប្ដាហ៍មុន។ ប៉ុន្តែបានបដិសេធដាច់ខាត់ចំពោះការបង់បាត់អធិបតេយ្យណាមួយរបស់ខ្លួន។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានលើកឡើងថា «ខ្ញុំបានប្រាប់កាណាដាថាប្រសិនបើចង់ចូលរួមជាផ្នែកមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome ដ៏អស្ចារ្យរបស់យើង គឺត្រូវចំណាយលុយ ៦១ពាន់លានដុល្លារ ក្នុងករណីពួកគេចង់នៅដាច់ដោយឡែកពីពួកយើង។ ប៉ុន្តែពួកគេនឹងមិនចាំបាច់ចំណាយលុយឡើយ ប្រសិនបើពួកគេយល់ព្រមក្លាយជារដ្ឋទី៥១របស់ពួកយើង។ ពួកគេកំពុងពិចារណាលើសំណើនេះ»

គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសពីគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome កាលពីសប្ដាហ៍មុន ដោយនឹងត្រូវចំណាយប្រាក់ប្រហែលជា ១៧៥ពាន់លានដុល្លារ ហើយអាចនឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការនៅឆ្នាំ២០២៩។ ប៉ុន្តែក្រុមអ្នកជំនាញយល់ថាគម្រោងនេះនឹងត្រូវប្រឈមនឹងបញ្ហាបច្ចេកទេស និងនយោបាយដ៏ធំសម្បើម ហើយការចំណាយ វិញក៏អាចនឹងច្រើនជាងអ្វីដែលលោក ត្រាំ បានវាយតម្លៃផងដែរ៕