(គូឡាឡាំពួ)៖ កាលពីថ្ងៃអង្គារ ទី២៧ ខែឧសភា នាយករដ្ឋមន្រ្តីនៃប្រទេសចិន លោក Li Qiang បានអំពាវនាវឱ្យអាស៊ាន ក៏ដូចជាក្រុមប្រទេសនៃតំបន់ឈូងសមុទ្រពែរ្ស លុបចោលនូវរបាំងពាណិជ្ជកម្ម ហើយពង្រីកការបើកចំហ ចំពោះមុខការកើនឡើងនៃនិន្នាការគាំពារនិយម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Li បានថ្លែងដូចខាងលើអំឡុងព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូល នៅទីក្រុងគូឡាឡាំពួ ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែរ្ស (GCC)។ លោកនាយករដ្ឋមន្រ្តីចិន បាននិយាយដូច្នេះថា «ចំពោះមុខការកើនឡើងនៃគាំពារនិយម និងឯកតោភាគីនិយម នៅកន្លែងមួយចំនួននៃពិភពលោក ពួកយើងចាំបាច់ត្រូវប្តេជ្ញាដើម្បីពង្រីកការបើកចំហ និងលុបចោលរបាំងពាណិជ្ជកម្មនានា»។ លោក Li បានបន្តថា សកលភាវូបនីយកម្មសេដ្ឋកិច្ច នាពេលនេះកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងមិនធ្លាប់ជួបពីមុនមក ហើយលោកទទូចឱ្យប្រទេសទាំងអស់ ប្រកាន់ខ្ជាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយមានអង្គការពាណិជ្ជកម្មពិភពលោក WTO ជាស្នូល។
គួរបញ្ជាក់ថា សង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យរជើបរំជួលសេដ្ឋកិច្ចពិភពលោកជាខ្លាំង ខណៈរដ្ឋបាលរបស់លោក បានធ្វើសង្រ្គាមដំឡើងពន្ធសងសឹកទៅមក ជាមួយរដ្ឋាភិបាលចិន មុនពេលមហាអំណាចទាំងពីរ បានចរចាគ្នាបន្ថយពន្ធចុះមកវិញជាបណ្តោះអាសន្ន។ សង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ ក៏បានធ្វើឱ្យប្រទេសដទៃទៀតភ័យព្រួយផងដែរ រួមទាំងបណ្តាប្រទេសអាស៊ាន៕