(វ៉ាស៉ីនតោន)៖ នៅថ្ងៃពុធ ទី២៨ ខែឧសភា បេសកជនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Kieth Kellogg បានស្តីបន្ទោសមន្រ្តីជាន់ខ្ពស់រុស្ស៉ីមួយរូប សម្រាប់ការដុតបញ្ឆេះភាពភ័យខ្លាចអំពីសង្រ្គាមលើកលើកទី៣ បន្ទាប់ពីលោក ត្រាំ បានព្រមានថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងប្រឡែងលេងជាមួយភ្លើង ជុំវិញវិបត្តិអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃអង្គារ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា លោក ពូទីន កំពុងប្រឡែងលេងជាមួយភ្លើង និងព្រមានថា រឿងយ៉ាងអាក្រក់ៗប្រហែលជាបានកើតឡើង លើរុស្ស៉ីរួចស្រេចទៅហើយ ប្រសិនបើគ្មានរូបលោក (លោក ត្រាំ) ទេនោះ។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា «អ្វីដែល វ៉្លាឌីមៀ ពូទីន មិនទាន់ដឹង គឺប្រសិនបើគ្មានខ្ញុំទេ រឿងអាក្រក់ៗយ៉ាងខ្លាំងជាច្រើនប្រហែលជាបានកើតឡើងលើរុស្ស៉ីរួចទៅហើយ... ខ្ញុំចង់មានន័យថា រឿងដែលអាក្រក់ៗជាទីបំផុត»។
លោក Dmitry Medvedev ដែលជាមន្រ្តីសន្តិសុខជាន់ខ្ពស់របស់រុស្ស៉ី និងជាមនុស្សជំនិតរបស់លោក ពូទីន បានចេញមុខឆ្លើយតប ដោយបង្ហោះសារលើបណ្តាញសង្គមថា «ពាក់ព័ន្ធសម្តីរបស់លោក ត្រាំ ដែលថា លោក ពូទីន ប្រឡែងលេងជាមួយភ្លើង ហើយរឿងអាក្រក់ៗខ្លាំងកើតឡើងលើរុស្ស៉ី ខ្ញុំដឹងច្បាស់អំពីរឿងដ៏អាក្រក់បំផុតតែមួយគត់ នោះគឹ សង្រ្គាមលោកលើកទី៣ ហើយខ្ញុំសង្ឃឹមថា លោក ត្រាំ យល់ច្បាស់អំពីរឿងនេះ»។
លោក Kellogg បានរិះគន់ថា សាររបស់លោក Medvedev គឺខ្វះការទទួលខុសត្រូវជាខ្លាំង។ លោកបេសកជនអាមេរិក បានសរសេរលើបណ្តាញសង្គមដូច្នេះថា «ដុតបញ្ឆេះភាពភ័យខ្លាចអំពីសង្រ្គាមលោកលើកទី៣ គឺជាសម្តីខ្វះការទទួលខុសត្រូវ និងមិនសក្តិសមជាមហាអំណាចពិភពលោកមួយឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្រោយរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយលើអ៊ុយក្រែន ហើយផ្តាច់ជីវិតមនុស្ស១៣នាក់ លោក ត្រាំ បានបង្ហោះសារហៅលោកប្រធានាធិបតីរុស្ស៉ី ថាជាមនុស្សបាត់បង់សតិ ហើយបានព្រមានថា បើលោក ពូទីន ពិតជាចង់បានអ៊ុយក្រែនទាំងមូលតែម្តងនោះ វាច្បាស់ជានឹងនាំទៅរកការដួលរលំនៃប្រទេសរុស្ស៉ី មិនខាន។ វាគឺជាការរិះគន់ដ៏កម្រមួយរបស់លោក ត្រាំ លើលោក ពូទីន ខណៈដែលរូបលោកកំពុងព្យាយាមជំរុញឱ្យរុស្ស៉ីនិងអ៊ុយក្រែន ស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមបង្ហូរឈាម ដែលអូសបន្លាយជាង៣ឆ្នាំមកហើយ៕