(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិក បានព្រមានដល់ពលរដ្ឋ កុំឱ្យធ្វើដំណើរទៅវ៉េណេស៊ុយអេឡា ដោយលើកឡើងពីហានិភ័យនៃការឃុំខ្លួនខុស ខណៈវ៉េណេស៊ុយអេឡា បានព្រមានដល់ពលរដ្ឋរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយលើកឡើងថា ពួកគេអាចក្លាយជាជនរងគ្រោះនៃការរំលោភបំពានសិទ្ធិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥។

ក្រសួងការបរទេសអាមេរិក បានកំណត់ថា វ៉េណេស៊ុយអេឡា គឺជាប្រទេសដែលត្រូវហាមប្រាមធ្វើដំណើរទៅ ដោយលើកឡើងពីហានិភ័យ រួមទាំងការធ្វើទារុណកម្មពេលឃុំឃាំង អំពើភេរវកម្ម ចាប់ជំរិត ការអនុវត្តច្បាប់អយុត្តិធម៌ ឧក្រិដ្ឋកម្មហិង្សា ភាពចលាចលស៉ីវិល និងការថែទាំសុខភាពមិនគ្រប់គ្រាន់។

វ៉េណេស៊ុយអេឡា បានហាមប្រាមពលរដ្ឋ កុំធ្វើដំណើរទៅសហរដ្ឋអាមេរិក និងជំរុញឱ្យពលរដ្ឋចាកចេញពីទីនោះ។ តាមរដ្ឋមន្ត្រីការបរទេស លោក Yvan Gil ប្រជាជនវ៉េណេស៊ុយអេឡានៅឯអាមេរិក គឺជាជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ត្រូវបានគេឃុំខ្លួនដោយបំពាន បំបែកចេញពីគ្រួសារ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងប្រទេសទីបី។

គួរបញ្ជាក់ថា អាមេរិកមិនមានស្ថានទូត ឬស្ថានកុងស៊ុល នៅវ៉េណេស៊ុយអេឡាទេ។ វ៉េណេស៊ុយអេឡា បានជំទាស់នឹងការប្រើប្រាស់ច្បាប់ឆ្នាំ ១៧៩៨ ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីនិរទេសជនចំណាកស្រុកវ៉េណេស៊ុយអេឡារាប់រយនាក់ ពីសហរដ្ឋអាមេរិកទៅកាន់ពន្ធនាគារ នៅប្រទេសអែលសាវ៉ាល់ឌ័រ៕