(ហ្សាការតា, ឥណ្ឌូណេស៉ី)៖ នៅថ្ងៃពុធ ទី២៨ ខែឧសភានេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគូសបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នា ចង់ឃើញដំណោះរដ្ឋពីររវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ហើយថាគ្មានទេស្តង់ដារពីរ នៅក្នុងគោលនយោបាយរបស់បារាំង ចំពោះតំបន់មជ្ឈិមបូព៌ា។ ​នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងចេញពីឥណ្ឌូណេស៉ី លោក Macron និយាយថា «​មានតែដំណោះស្រាយនយោបាយប៉ុណ្ណោះ ដែលអាចនាំទៅរកលទ្ធភាពស្តារ និងកសាងសន្តិភាពរយៈពេល​វែង»។ លោកបន្ថែមថា «រួមជាមួយអារ៉ាប៊ីសាអូឌីត យើងនឹងអាចឆាប់រៀបចំសន្និសីទស្តីពីហ្កាហ្សា នៅក្នុងទីក្រុង New York ដើម្បីបង្ខំឱ្យមានការទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋមួយ ហើយការព្រមទទួលស្គាល់ពី សំណាក់អ៉ីស្រាអែល នឹងនាំទៅរកការរស់នៅប្រកបដោយសន្តិភាព និងសន្តិសុខក្នុងតំបន់»

គួរបញ្ជាក់ថា តាមអ្នកការទូត និងអ្នកជំនាញ ការងាកទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយលោក Macron អាចជាការអត្ថាធិប្បាយមួយធ្វើឱ្យអ៊ីស្រាអែលខឹងសម្បា និងធ្វើឱ្យលោកខាងលិចបែកបាក់កាន់តែស៉ីជម្រៅ៕