(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ មន្ត្រីការទូតរបស់ហ្វីលីពីនបានអះអាង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ថា គិតពិចារណាចុះកិច្ចព្រមព្រៀងកាន់តែច្រើន ដែលមានអំណោយផលដល់ការគាំពារសន្តិភាពនៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសចិន។ ប៉ុន្តែ ក្រៅពីសាលកិច្ចប្រជុំ ហ្វីលីពីនមានទង្វើបង្ករឿងហេតុជាបន្តបន្ទាប់ ពីការអនុវត្តសកម្មភាពចម្រុះពហុភាគី លើសមុទ្រលើកទី៦ ជាមួយកងទ័ពអាមេរិកនៅលំហសមុទ្រប្រជុំកោះ Nansha ដែលនៅក្បែរកោះ Palawan និងកោះ Mindoro ដល់ការចាត់បញ្ជូននាវាកិច្ចការសាធារណៈបំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹក Zhubi និងថ្មប៉ប្រះទឹក Tiexian នៃប្រជុំកោះNansha របស់ចិន ព្រមទាំងចាត់បញ្ជូនបុគ្គលិក ឡើងលើថ្មប៉ប្រះទឹក Tiexian។ ទង្វើរបស់ហ្វីលីពីនទាំងនេះគឺធ្វើផ្ទុយនឹង “សន្តិភាព” តើនឹងធ្វើឱ្យប្រទេសអាស៊ានជឿ នូវអ្វីដែលហៅថា “ចិត្តស្មោះ” យ៉ាងដូចម្តេច?
មួយរយៈពេលកន្លងទៅនេះ យុទ្ធសាស្ត្ររបស់ហ្វីលីពីនជុំវិញសមុទ្រចិនខាងត្បូងបូករួមទាំង អាងអំណាចរបស់សហរដ្ឋអាមេរិក និងប្រទេសធំក្រៅតំបន់ទៅគំរាមកំហែងអ្នកទទៃ បង្កស្ថានការណ៍តានតឹងលើ សមុទ្រតាមរយៈសកម្មភាពឯកតោភាគី ប្រឌិតរឿងអវិជ្ជមានពាក់ព័ន្ធនឹងចិន ដើម្បីលាបពណ៌លើប្រទេសចិន ឆ្លងតាមរយៈការតាក់តែងច្បាប់ក្នុងប្រទេស ប៉ុនប៉ងពង្រឹងការកាត់ក្តីខុសច្បាប់លើ សំណុំរឿងមជ្ឈិតកម្មសមុទ្រចិនខាងត្បូង។ ចាប់ពីការអនុម័តលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រនៅឆ្នាំ២០២៤ មកទល់បច្ចុប្បន្ននេះ “ឧបាយកលសំខាន់ៗ”របស់រដ្ឋាភិបាលលោក Marcos នៅសមុទ្រចិនខាងត្បូងសុទ្ធតែបានបង្ហាញមុខរួចហើយ។
លទ្ធផលគឺ ហ្វីលីពីនមិនត្រឹមតែមិនសម្រេចបាន នូវការប៉ុនប៉ងគ្រប់គ្រងជាថ្មី ឡើងវិញលើប្រជុំកោះ Zhongsha និងកោះ Huangyan ប៉ុណ្ណោះទេ ថែមទាំងផែនការស្តីពី ការទន្រ្ទានកាន់កាប់ដោយខុសច្បាប់នូវកោះនិងថ្មប៉ប្រះទឹក ដែលគ្មានមនុស្សស្នាក់នៅ ដូចជាថ្មប៉ប្រះទឹក Xianbin ថ្មប៉ប្រះទឹក Tiexian និងថ្មប៉ប្រះទឹក Ren’ai ជាដើមនៃប្រជុំកោះ Nansha ក៏បានទទួលបរាជ័យផងដែរ។
តាមលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់ហ្វីលីពីនដែលទើបបានបញ្ចប់ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ចំនួន១២រូប នៃព្រឹទ្ធសភាដែលបានជាប់ឆ្នោត សម្ព័ន្ធកាន់អំណាចដែលគាំទ្រ ដោយលោក Marcos ទទួលបានត្រឹមតែ៦អាសនៈ ដែលមិនបានសម្រេចគោលដៅប៉ាន់ប្រមាណនោះទេ។ ឥស្សរជនវិភាគបានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតហ្វីលីពីន គឺយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងស្រុកនិងការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ជាងបញ្ហាអន្តរជាតិ ពួកគេរំពឹងថា រដ្ឋាភិបាលអាចគាំពារស្ថិរភាពនៃស្ថានការណ៍សមុទ្រចិនខាងត្បូង ដើម្បីធានាឱ្យទំនាក់ទំនងរវាងចិន និងហ្វីលីពីនដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ តែមិនមែនធ្វើពុតជាមានភាពខ្លាំងក្លា លើសមុទ្រនោះឡើយ។
កាលពីខែមេសាឆ្នាំនេះ ចិននិងប្រទេសអាស៊ាន បានរៀបចំធ្វើកិច្ចប្រជុំនៃក្រុមការងារចម្រុះលើកទី៤៧ ស្តីពីការអនុវត្តជាក់ស្តែងនូវ 《សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង។ ភាគីនានាបានឯកភាពគ្នា បន្តបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ អនុវត្តដោយគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសនេះ ដើម្បីខិតខំប្រឹងប្រែងឈានដល់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូងក្នុងពេលឆាប់ៗ។
នៅរយៈពេលមួយសប្តាហ៍មុន ចិននិងអាស៊ានបានសម្រេចការចរចា អំពីតំបន់ពាណិជ្ជកម្មសេរីទម្រង់ ៣.០ ការអភិវឌ្ឍក្នុងតំបន់ទទួលបានកាលានុវត្តភាពថ្មី។ ក្នុងឱកាសគន្លឹះនេះហ្វីលីពីនទទូចបង្ករឿងហេតុ ប៉ុនប៉ងទប់ស្កាត់ប្រទេសចិន តាមរយៈសហរដ្ឋអាមេរិក វាមិនសមស្របនឹងគោលបំណងរបស់ប្រជាជនហ្វីលីពីនផង ហើយក៏មិនអាចទទួលបាន ការគាំទ្រពីសំណាក់ប្រទេសជិតខាងផ្សេងទៀត នៅសមុទ្រចិនខាងត្បូងដែរ ទីបំផុត មានតែក្លាយជាគ្រឿងបូជា ក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងប្រទេសធំដទៃទៀតតែប៉ុណ្ណោះ៕