(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី២៨ ខែឧសភាថាលោកបានព្រមាននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីសប្ដាហ៍មុន កុំឱ្យធ្វើសកម្មភាពទាំងឡាយណាដែលនឹងរំខានដល់កិច្ចចរចានុយក្លេអ៊ែរជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានប្រាប់គាត់ (លោក Netanyahu) ថាវាមិនមែនជារឿងត្រឹមត្រូវនោះទេដែលត្រូវធ្វើសកម្មភាពក្នុងពេលនេះ ពីព្រោះយើងកំពុងខិតកាន់តែកៀកទៅរកដំណោះស្រាយក្នុងពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា មុនការកត់សម្គាល់របស់លោក ត្រាំ អ៉ីស្រាអែលបានច្រានចោលចំពោះសេចក្ដីរាយការណ៍របស់កាសែតអាមេរិក New York Times ដែលថាលោក Netanyahu បានគំរាមបង្កការរំខានដល់ កិច្ចចរចានុយក្លេអ៊ែរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ តាមរយៈការវាយប្រហារលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសំខាន់ៗរបស់អ៉ីរ៉ង់។ New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាក្រុមមន្ត្រីអ៉ីស្រាអែលមានការព្រួយបារម្ភថាលោក ត្រាំ កំពុងអន្ទះសារចង់បានកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដោយលោកអាចនឹងអនុញ្ញាតឱ្យអ៉ីរ៉ង់បន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជា បន្ទាត់ក្រហមមួយសម្រាប់អ៉ីស្រាអែល៕