(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនឱសថ និងជីវបច្ចេកវិទ្យាអាមេរិក Moderna បានឱ្យដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលុបចោលកុងត្រាតម្លៃ ៥៩០លានដុល្លារ ដើម្បីអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺផ្តាសាយបក្សី ជាមួយក្រុមហ៊ុនខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២៥។
កុងត្រាដែលត្រូវលុបចោលនេះ បានប្រកាសកាលថ្ងៃទី១៧ ខែមករា ពោលគឺ ៣ថ្ងៃមុនពេលលោក ត្រាំ ចូលកាន់តំណែង និងជាកុងត្រាអភិវឌ្ឍវ៉ាក់សាំង mRNA ផ្តោតលើប្រភេទជំងឺផ្តាសាយ H5N1 ដែលកំពុងរាលដាលលើសត្វបក្សី និងសត្វគោ។
ក្រុមហ៊ុន Moderna បានទម្លាយព័ត៌មាននៃការលុបចោលនេះ ដំណាលគ្នានឹងការប្រកាសពីលទ្ធផលវិជ្ជមាន ជុំវិញការសាកល្បងធ្វើតេស្តជោគជ័យដំណាក់កាលដំបូង លើមនុស្សចំនួន ៣០០នាក់ ទាក់ទងនឹងបញ្ហាសុវត្ថិភាព និងការឆ្លើយតបចំពោះប្រព័ន្ធភាពស៊ាំ។
នាយកប្រតិបត្តិ Moderna លោក Stephane Bancel បញ្ជាក់ថា «ខណៈដែលលែងមានមូលនិធិពីក្រសួងសុខាភិបាលអាមេរិក យើងនៅតែរីករាយចំពោះលទ្ធផលតេស្ត លើប្រព័ន្ធភាពស៊ាំ និងទម្រង់សុវត្ថិភាព នៅក្នុងការវិភាគបណ្តោះអាសន្ន នៃការសិក្សាដំណាក់កាលដំបូង នៃវ៉ាក់សាំងផ្តាសាយបក្សី H5 ហើយយើងនឹងស្វែងវិធីថ្មីមកជំនួសមូលនិធិនោះ»។
គួរបញ្ជាក់ថា អ្នកជំនាញនៅអាមេរិក បានព្រមានថា មេរោគផ្តាសាយបក្សីនេះ អាចឆ្លងមកមនុស្ស និងបង្កជាជំងឺរាតត្បាត៕