(វ៉ាស៉ីនតោន)៖ មហាសេដ្ឋី លោក Elon Musk ដែលទើបនឹងដើរចេញពីតួនាទី នៅក្នុងអង្គភាពប្រសិទ្ធភាពការងារ (DOGE) នៃរដ្ឋាភិបាលអាមេរិក បានរិះគន់សេចក្តីព្រាងច្បាប់ស្តីពីការចំណាយ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាអាចនឹងនាំឱ្យមានឱនភាពថវិកាជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២៥។
ច្បាប់ «One Big, Beautiful Bill Act» ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត ហើយឥឡូវនេះស្ថិតនៅព្រឹទ្ធសភា នឹងអនុវត្តនូវចក្ខុវិស័យរបស់លោក ត្រាំ សម្រាប់ «យុគសម័យមាស» សំដៅកាត់បន្ថយកម្មវិធីសន្តិសុខសង្គម ដោយការបន្តកាត់បន្ថយការបង់ពន្ធរយៈពេល ១០ឆ្នាំ នៃគោលនយោបាយពន្ធ ២០១៧ របស់លោក។ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា វានឹងកាត់បន្ថយការងារថែទាំសុខភាព សម្រាប់ប្រជាជនអាមេរិកដែលក្រីក្របំផុត ហើយធ្វើឱ្យបំណុលជាតិផ្ទុះឡើង។
ក្នុងបទសម្ភាស៍ជាមួយ CBS News លោក Musk បានលើកឡើងថា «ខ្ញុំមានការខកចិត្ត ដែលបានឃើញសេចក្តីព្រាងច្បាប់ចំណាយដ៏ធំមួយ និយាយដោយត្រង់ទៅ វាអាចបង្កើនឱនភាពថវិកា និងធ្វើឱ្យខូចដល់ការងាររបស់ DOGE»។
បើតាមក្រុមអ្នកវិភាគឯករាជ្យ ច្បាប់ថ្មីនេះនឹងបង្កើនឱនភាពថវិការហូតដល់ទៅ ៤ទ្រីលានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍៕