(ប៉េកាំង)៖ “កិច្ចប្រជុំកំពូលរបស់ភាគីទាំងបីលើកនេះមិនធ្លាប់មាននៅកាលពីមុន” “បានបើកទំព័រថ្មីសម្រាប់កិច្ចប្រតិបតិ្តការត្រីភាគី ” “ជានិមិត្តសញ្ញាដ៏សំខាន់នៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់” “បានត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលលើសពីសម្ព័ន្ធភូមិសាស្ត្រនយោបាយប្រពៃណី”។ល។ មជ្ឈដ្ឋានមតិអន្តរជាតិបានផ្តោតសំខាន់កម្រិតខ្ពស់ ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រលើកដំបូង ដែលបើកធ្វើនៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ខែឧសភា។

បើមើលពីផែនទីរបស់ពិភពលោក អ្នកផងទាំងពួងអាចឃើញថា ទីតាំងរបស់ចិន អាស៊ាននិងរដ្ឋសមាជិក នៃក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រ បានបង្កើតជាត្រីកោណធំមួយ។ ដូច្នេះហើយបានជា ប្រព័ន្ធសារព័ត៌មាននៃប្រទេសម៉ាឡេស៊ី ហៅកិច្ចសហប្រតិបតិ្តការថ្មីរបស់ត្រីភាគីថាជា “ត្រីកោណមាស” ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិន បានលើកឡើងគំនិតផ្តួចផ្តើម អំពីការបំពេញបន្ថែមជាបន្តបន្ទាប់នូវខ្លឹមសារ នៃកិច្ចសហប្រតិបតិ្តការត្រីភាគី និងខិតខំប្រឹងប្រែងបង្កបង្កើតជាគំរូ នៃការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការសក លក្នុងយុគសម័យនេះ ព្រមទាំងបានលើកឡើង ផែនការសហប្រតិបតិ្តការលើវិស័យសំខាន់ៗ។ សេចក្តីថ្លែងការណ៍រួមដែលកិច្ចប្រជុំកំពូល បានចេញផ្សាយ បានរួមបញ្ចូលផែនការពាក់ព័ន្ធ ដោយបានលើកឡើងនូវវិធានការសហប្រតិបតិ្តការមួយចំនួន លើកវិស័យធ្វើ សមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់គ្នា សន្តិសុខនិងនិរន្តរភាពខាងថាមពល ការធ្វើបរិវត្តកម្មនិងការច្នៃប្រឌិតថ្មីខាងឌីជីថល ស្បៀងអាហារនិងកសិកម្មជាដើម។

បើសង្កេតមើលស្ថានការណ៍អន្តរជាតិបច្ចុប្បន្ននេះ នោះក៏កាន់តែអាចយល់ដឹងពីតម្រូវការជាក់ស្តែង និងអត្ថន័យរបស់កិច្ចសហប្រតិបតិ្តការត្រីភាគីដែរ ។ នៅថ្ងៃទី ២៧ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន AFPរបស់ប្រទេសបារាំងបានលើកឡើងថា ឆ្នាំនេះ អាមេរិកបានប្រកាសពីវិធានការពន្ធគយមួយចំនួន ដែលសំដៅចំពោះបណ្តាប្រទេសនានា លើពិភលោក ដែលបានបំផ្លាញដល់ក្បួនច្បាប់ពាណិជ្ជកម្មសកល ទង្វើនេះបានជំរុញឱ្យប្រទេសអាស៊ាននិងប្រទេសផ្សេងទៀត ពន្លឿនការជំរុញការធ្វើពិពិធកម្មបណ្តាញពាណិជ្ជកម្ម ។ ប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាភាពស្មុគស្មាញនិងភាពរង្គោះរង្គើនៃស្ថានការណ៍ពិភពលោក និងកំណើនសេដ្ឋកិច្ចសកល មានភាពទន់ខ្សោយជាដើម ចិន អាស៊ាននិងក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រពួតដៃគ្នា ដើម្បីបង្កើតរង្វង់សេដ្ឋកិច្ច និងចំណុចកំណើនដែលពោរពេញទៅដោយភាពរស់រវើក វាមិនត្រឹមតែមានអំណោយផល ដល់វិបុលភាព នៃសេដ្ឋកិច្ចរៀងៗខ្លួន ប៉ុណ្ណោះទេ ថែមទាំងក៏អាចជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់អាស៊ីក៏ដូចជាពិភពលោកផងដែរ ។ ដូច្នេះ កិច្ចសហប្រតិបតិ្តការត្រីភាគីនឹងមានប្រសិទ្ធភាព"១+១+១ធំជាង៣"។

ក្រៅពីនេះ កិច្ចសហប្រតិបតិ្តការត្រីភាគីក៏នឹងបំពេញបន្ថែមកម្លាំងចលករដល់សេដ្ឋកិច្ចតំបន់និងសកល ហើយនឹងគាំពារសមភាព និងយុត្តិធម៌សកលយ៉ាងខ្លាំងផងដែរ ។ ទិន្ន័យបានបង្ហាញឱ្យដឹងថា ប្រទេសចិន អាស៊ាននិងក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រ មានទំហំសេដ្ឋកិច្ចសរុបចំនួន២៤,៨៧ទ្រីលានដុល្លារអាមេរិក មានចំនួនប្រជាជនសរុប២១៥០លាននាក់ ដែលសុទ្ធតែត្រូវជា១ភាគ៤នៃពិភពលោកទាំងមូល ។ ការតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ រវាងសេដ្ឋកិច្ចភាគីទាំងបីមុខជានឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងសកលជាមិនខាន ។

ពីផ្លូវសូត្រដ៏ចំណាស់ ដល់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងចិន អាស៊ាននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រ បានឆ្លងកាត់សហស្សវត្សរ៍ ។ បច្ចុប្បន្ននេះ ការបង្កើតយន្តការសហប្រតិបតិ្តការត្រីភាគីបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍរួម ។ កិច្ចសហប្រតិបតិ្តការត្រីភាគី មានសក្តានុពលខ្លាំងនិងមានអនាគតគួរឱ្យរំពឹងទុក៕

វិទ្យុមិត្តភាពកម្ពុជាចិន