(ដាកា)៖ ប្រទេសបង់ក្លាដែស បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសមីយ៉ាន់ម៉ាឲ្យត្រឡប់មកវិញ។ នេះបើតាមមន្ត្រីក្រសួងការបរទេសបង់ក្លាដែស បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា បន្ទាប់ពីបង់ក្លាដែសបានទទួលស្គាល់ថា បានបើកបណ្ដាញទំនាក់ទំនងជាមួយកងកម្លាំងឧទ្ទាម ដែលកំពុងប្រយុទ្ធនឹងរបបយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីរូបនោះបានឲ្យដឹងថា លោក Monowar Hossain ដែលបានបម្រើការនៅរដ្ឋធានី Naypyidaw របស់មីយ៉ាន់ម៉ា តាំងពីពាក់កណ្តាលឆ្នាំ២០២៣ ត្រូវបានបញ្ជាឲ្យត្រឡប់មកទីក្រុងដាកាវិញភ្លាមៗ ដោយមន្ត្រីនោះបានពណ៌នាថាជា «ការសម្រេចចិត្តផ្នែករដ្ឋបាល» តែមិនបានផ្តល់ហេតុផលបន្ថែមទេ។ ទំនាក់ទំនងរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា បានតានតឹងដោយសារវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។

បច្ចុប្បន្ន ជនជាតិរ៉ូហ៊ីងយ៉ាជាង ១.២លាននាក់ កំពុងស្នាក់នៅក្នុងប្រទេសបង់ក្លាដែស។ អង្គការសហប្រជាជាតិបានព្រមានថា ភាពអត់ឃ្លាននៅក្នុងរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា អាចបង្កឲ្យមានការផ្លាស់ទីលំនៅថ្មី ខណៈដែលបង់ក្លាដែសអះអាងថា មនុស្សជាង ១៣០,០០០នាក់ អាចបានឆ្លងដែនចូលមកកាលពីឆ្នាំមុន។

កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិបង់ក្លាដែស លោក Khalilur Rahman បាននិយាយថា ទីក្រុងដាកាបានបើកបណ្តាញទំនាក់ទំនងក្រៅផ្លូវការជាមួយកងទ័ពអារ៉ាកាន់ (Arakan Army) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចសកម្មក្នុងរដ្ឋរ៉ាឃីន ដើម្បីរក្សាស្ថិរភាពព្រំដែន ទោះបីជាដាកានៅតែបន្តចូលរួមជាមួយរបបយោធាមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាក៏ដោយ។

គួរបញ្ជាក់ថា ការកោះហៅឯកអគ្គរដ្ឋទូតនេះ អាចជាសញ្ញានៃភាពស្មុគស្មាញកាន់តែខ្លាំងឡើងនៃទំនាក់ទំនងការទូតរបស់បង់ក្លាដែស នៅក្នុងវិបត្តិដែលកំពុងបន្តនៅប្រទេសជិតខាងមីយ៉ាន់ម៉ា៕