(វ៉ាស៉ីនតោន)៖ ផែនការមួយរបស់សហរដ្ឋអាមេរិក សម្រាប់សង្រ្គាមនៅហ្កាហ្សា ដែល Reuters ទទួលបាននៅថ្ងៃសុក្រ ទី៣០ ខែឧសភា បានឱ្យដឹងថា មានសំណើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ២៨នាក់ នៅក្នុងសប្តាហ៍ដំបូង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ១២៥នាក់ និងអដ្ឋិធាតុជនជាតិប៉ាឡេស្ទីន ១៨០នាក់។
ផែនការនេះ ក៏រួមបញ្ចូលទាំងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាភ្លាមៗ នៅពេលដែលក្រុមហាម៉ាស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ផងដែរ។ តាមសេតវិមាន អ៉ីស្រាអែល បានស៉ីញ៉េលើរួចហើយលើសំណើនេះ មុនពេលបញ្ជូនទៅឱ្យក្រុមហាម៉ាស។
គួរបញ្ជាក់ថា សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា បង្កឡើងដោយសារតែការវាយឆ្មក់របស់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣។ ភាគីទាំងពីរបានឈានដល់បទឈប់បាញ់មួយ កាលពីខែមករា ដែលនាំឱ្យមានលំហូរជំនួយមនុស្សចូលក្នុងតំបន់ឡើងវិញ ជាមួយនិងការដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់៕