(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា បានព្រមានថាចិនកំពុងត្រៀមលក្ខណៈប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែតុល្យភាពអំណាចក្នុងតំបន់អាស៊ី ជាមួយការសន្យាថាសហរដ្ឋអាមេរិកនឹងបន្តឈរជើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកប្រមុខមន្ទីរបញ្ចកោណ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី ខណៈរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងមានជម្លោះជាមួយ ទីក្រុងប៉េកាំង លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នានៅជុំវិញពិភពលោក។ ចាប់តាំងពីឡើងកាន់តំណែងកាលពីខែមករាមក លោក ត្រាំ បានប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយចិន ដោយផ្ដោតជាសំខាន់លើការរារាំងកុំឱ្យចិនចូលទៅកាន់បច្ចេកវិទ្យា AI សំខាន់ៗ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដូចជាហ្វីលីពីន ដែលកំពុងមានជម្លោះទឹកដីជាមួយចិន។
នៅឯវេទិកាសន្តិសុខ Shangri-La Dialogue ដែលមានការចូលរួមពីថ្នាក់ដឹកនាំយោធាមកពីជុំវិញពិភពលោកផងនោះ លោក Pete Hegseth បានគូសបញ្ជាក់ដូច្នេះថា «ការគំរាមកំហែងបង្កឡើងដោយចិន គឺមានយ៉ាងពិតប្រាកដ ហើយអាចនឹងកើតឡើងក្នុងពេលឆាប់ៗ។ លោកបន្តថាចិនពិតជាកំពុងត្រៀមលក្ខណៈប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែតុល្យភាពអំណាចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក Hegseth ក៏បានព្រមានដែរថាយោធាចិនកំពុងកសាងសមត្ថភាពដើម្បីវាយប្រហារលើតៃវ៉ាន់។
គួរបញ្ជាក់ថា បើតាមលោក Pete Hegseth សហរដ្ឋអាមេរិកកំពុងផ្លាស់ប្ដូរការផ្តោតឆ្ពោះទៅរកការកំញើញទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើង ហើយលោកបានអំពាវនាវឱ្យសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់ សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីបង្កើនកញ្ចប់ថវិកាយោធា ប្រឈមមុខនឹងការកើនឡើងការគំរាមកំហែង៕