(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ្នកតំណាងមកពីប្រទេសប៉ាគីស្ថាននឹងមកសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ ខណៈប្រទេសអាស៉ីខាងត្បូងមួយនេះ ស្វែងរកកិច្ចព្រមព្រៀងពន្ធគយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥។

ប៉ាគីស្ថានប្រឈមមុខនឹងការយកពន្ធ ២៩ភាគរយលើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយសារតែមានអតិរេកពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារជាមួយអាមេរិក។ លោក ត្រាំ និយាយថា លោកនឹងមិនចាប់អារម្មណ៍ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយប៉ាគីស្ថាន ឬឥណ្ឌាឡេីយ ប្រសិនបើប្រទេសទាំងពីធ្វើសង្រ្គាមទៅវិញទៅមក។

ឥណ្ឌា ក៏ប្រឈមមុខនឹងពន្ធ ២៦ភាគរយលើការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ Reuters បានទទួលដំណឹងកាលពីសប្តាហ៍មុនថា ឥណ្ឌាទំនងជាអនុញ្ញាតឱ្យក្រុមហ៊ុនរដ្ឋអាមេរិក ដេញថ្លៃកុងត្រាមួយតម្លៃជាង ៥០ពាន់លានដុល្លារ ខណៈដែលខ្លួនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន។ លោក ត្រាំ បានបង្ហេីបឱ្យដឹងថា សហរដ្ឋអាមេរិក ជិតសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយឥណ្ឌា៕