(ប៉ារីស)៖ ក្រសួងមហាផ្ទៃបារាំង នៅថ្ងៃអាទិត្យ ទី១ ខែមិថុនានេះ បានប្រកាសថា មនុស្សពីរនាក់បានស្លាប់ និង ៥៥៩នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង ក្នុងអំឡុងពេលនៃការប្រារព្ធពិធី បន្ទាប់ពីជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្លិប Paris Saint-Germain (PSG) លើក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ នេះបើយោងតាមការចេញផ្សាយ ដោយការសែត The Lemonde។
ចំណុចស្នូលនៃភាពវឹកវរ និងការអបអរសាទរគឺនៅទីក្រុងប៉ារីស ដែលពោរពេញទៅដោយសំឡេងស៊ីផ្លេរថយន្ត ការស្រែកអបអរ ការច្រៀងរាំតាមដងផ្លូវ និងការបាញ់កាំជ្រួចពេញមួយយប់ បន្ទាប់ពី PSG បានយកឈ្នះ Inter Milan ក្នុងលទ្ធផល ៥-០ នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា មនុស្សម្នាក់ដែលជិះម៉ូតូស្កូតឺ បានស្លាប់បន្ទាប់ពីត្រូវរថយន្តបុកនៅភាគនិរតីនៃទីក្រុងប៉ារីស ហើយក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនសរុប ៥៥៩នាក់ មាន ៤៩១នាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីប៉ារីស។
ទន្ទឹមនឹងនេះដែរ យុវជនអាយុ ១៧ឆ្នាំម្នាក់ទៀតត្រូវបានចាក់សម្លាប់នៅភាគនិរតីនៃទីក្រុង Dax ក្នុងអំឡុងពេលនៃការជួបជុំអបអរជ័យជម្នះរបស់ PSG។ ការស្លាប់នេះបានកើតឡើងភ្លាមៗបន្ទាប់ពីការប្រកួត និង «ក្នុងអំឡុងពេលប្រារព្ធពិធី» ប៉ុន្តែការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ខ្លួនមិនទាន់ដឹងច្បាស់ថាតើករណីនេះពាក់ព័ន្ធនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ Champions League ដែរឬទេ។
នៅកន្លែងផ្សេងទៀត ប៉ូលីសបានរាយការណ៍ថា រថយន្តមួយគ្រឿងបានបើកចូលទៅក្នុងក្រុមអ្នកគាំទ្រដែលកំពុងអបអរជ័យជម្នះរបស់ PSG នៅទីក្រុង Grenoble ភាគអាគ្នេយ៍នៃប្រទេសបារាំង បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស ក្នុងនោះ ២នាក់រងរបួសធ្ងន់។ អ្នករងរបួសទាំងអស់គឺមកពីគ្រួសារតែមួយ។
ក្រសួងមហាផ្ទៃបានបន្ថែមថា មន្ត្រីប៉ូលីសចំនួន ១៨នាក់នៅទីក្រុងប៉ារីសបានរងរបួស រួមជាមួយមន្ត្រីដទៃទៀតនៅតាមតំបន់ផ្សេងៗក្នុងប្រទេសបារាំង ព្រមទាំងប្រជាជនចំនួន ១៩២នាក់ដែលកំពុងប្រារព្ធពិធីនៅតាមដងផ្លូវ។ បុគ្គលិកពន្លត់អគ្គិភ័យចំនួន ៧នាក់ក៏រងរបួសផងដែរ។ មានសេចក្តីរាយការណ៍អំពីអគ្គិភ័យចំនួន ៦៩២ករណីពេញមួយយប់ ក្នុងនោះមានរថយន្តចំនួន ២៦៤គ្រឿងត្រូវបានដុតបំផ្លាញ។
គួរបញ្ជាក់ថា អ្នកគាំទ្រភាគច្រើនបានអបអរសាទរដោយសន្តិវិធី ប៉ុន្តែប៉ូលីសនៅទីក្រុងប៉ារីសបានឲ្យដឹងថា មានការប៉ះទង្គិចគ្នាបានកើតឡើងនៅជិតមហាវិថី Champs-Elysées និងនៅជុំវិញកីឡដ្ឋាន Parc des Princes របស់ PSG ជាកន្លែងដែលអ្នកគាំទ្រចំនួន ៤៨,០០០នាក់បានទស្សនាការប្រកួតនៅលើអេក្រង់ធំ។ ប៉ូលីសបានបញ្ជាក់ថា ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានី គឺជាប់សង្ស័យពីបទកាន់កាប់កាំជ្រួចខុសច្បាប់ និងបង្កភាពអសន្តិសុខ៕