(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២ ខែមិថុនា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ពីសហរដ្ឋអាមេរិក ដែលថាប៉េកាំងបានរំលោភបំពានលើកិច្ចព្រមព្រៀងពន្ធគយរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាលពីខែឧសភា បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីផ្អាកការអនុវត្តការយកពន្ធគយសងសឹកដាក់គ្នាទៅវិញទៅមក រយៈពេល៩០ថ្ងៃ ក្រោយកិច្ចចរចារវាង ក្រុមមន្ត្រីនៃប្រទេសទាំង២ ក្នុងទីក្រុងហ្សឺណែវ។ ប៉ុន្តែ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងបទសម្ភាសន៍មួយថាចិនមិនបានព្យាយាមអនុវត្តតាម កិច្ចព្រមព្រៀងនេះនោះទេ។ ជាការឆ្លើយតប ចិននៅថ្ងៃចន្ទនេះបាននិយាយថាសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់មិនសមទំនងលើចិនផ្ទុយពីការពិត។ «ចិនច្រានចោលទាំងស្រុងការចោទប្រកាន់ គ្មានហេតុផលនេះ»។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិន ដោយបន្ថែមថាចិនមានគោលជំហរយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិរបស់ខ្លួន ហើយមានភាពស្មោះត្រង់នៅក្នុង ការអនុវត្តកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅក្រោមអាណត្តិរបស់លោក ដូណាល់ ត្រាំសព្វថ្ងៃ បានដាក់ចេញវិធានការជាច្រើនប្រឆាំងនឹងចិន ក្នុងនោះរួមមានទាំងការរឹតត្បិតលើការនាំចេញ និងរឹតបន្តឹងលើ ការគ្រប់គ្រងបន្ទះឈីប បច្ចេកវិទ្យា AI ហើយថែមទាំងបានលុបចោលទិដ្ឋាការសម្រាប់និស្សិតចិន នៅក្នុងសហរដ្ឋអាមេរិកទៀតផង៕