(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ក្នុងពេលឆាប់ៗដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម ក្នុងនោះរួមមានទាំងជម្លោះស្ដីពីរ៉ែកម្រ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយបែបនេះរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ធ្វើឡើងបន្ទាប់ពីលោក ដូណាល់​ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានចោទប្រកាន់ថាចិនថាបានរំលោភបំពានលើ កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ជុំវិញការផ្អាកការអនុវត្តការយកពន្ធគយគ្នាទៅវិញទៅមក ព្រមទាំងការរឹតត្បិតលើការនាំចេញរ៉ែកម្រ។ លោក Bessent នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ ទី១ ខែមិថុនា បានលើកឡើងថា «អ្វីដែលចិនកំពុងធ្វើ នោះគឺពួកគេរារាំងការនាំចេញផលិតផលដែលមានសារៈសំខាន់សម្រាប់ខែ្សច្រវាក់ផ្គត់ផ្គង់ ឧស្សាហកម្មរបស់ឥណ្ឌា និងអឺរ៉ុប ហើយនេះមិនមែនជាអ្វីដែលដៃគូពាណិជ្ជកម្មមួយត្រូវធ្វើនោះទេ»។ លោកបន្តដោយសង្ឃឹមថានៅពេលលោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ជួបពិភាក្សាគ្នាទូរស័ព្ទ បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយ។

គួរបញ្ជាក់ថា បើតាមលោក Scott Bessent កិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗ។ ប៉ុន្តែរូបលោក និងខាងសេតវិមានមិនបានបញ្ជាក់ពី កាលបរិច្ឆេទលម្អិតសម្រាប់កិច្ចសន្ទនារវាងមេដឹកនាំទាំង២ឡើយ៕