(ហ្សេរុយសាឡិម)៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា កងទ័ពរបស់ខ្លួនបានពង្រីកប្រតិបត្តិការយោធាថ្មើរជើងនៅក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥។

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានបទបញ្ជាមួយដែលចេញកាលពីថ្ងៃអាទិត្យ ដោយអគ្គមេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក អ៊ីយ៉ាល់ ហ្សាមៀ (Eyal Zamir) ដើម្បីពង្រីកការវាយលុកតាមផ្លូវគោកទៅកាន់តំបន់បន្ថែមទៀត ទាំងនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា។

យោងតាម IDF កងទ័ពរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ និងបានរុះរើឃ្លាំងស្តុកអាវុធ ព្រមទាំងទីតាំងហេដ្ឋារចនាសម្ព័ន្ធទាំងនៅលើដី និងក្រោមដី។

លើសពីនេះទៀត កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារលើគោលដៅរាប់សិបកន្លែងនៅទូទាំងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃអាទិត្យមក ដោយរួមមាន «ក្រុមភេរវករ រចនាសម្ព័ន្ធយោធាដែលជាកម្មសិទ្ធិរបស់អង្គការភេរវកម្មក្នុងតំបន់ហ្គាហ្សា ផ្លូវរូងក្រោមដី ឃ្លាំងស្តុកអាវុធ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មបន្ថែមទៀត»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។

ការកើនឡើងនៃការប្រយុទ្ធគ្នានេះ កើតមានឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នានៅក្នុងការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជុំវិញសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា៕