(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២ ខែមិថុនា បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នោះទេ នៅក្រោមកិច្ចព្រមព្រៀងថ្មីណាមួយរវាងប្រទេសជាគូសត្រូវនឹងគ្នាទាំង២ ខណៈទីក្រុងតេហរ៉ង់អះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិត ថាមពលអគ្គិសនីតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាចំណុចខ្ទាស់ដ៏សំខាន់មួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ៥ជុំមកនេះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ចាប់តាំងពីខែមេសាមក ដើម្បីស្វែងរក កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជំនួសកិច្ចព្រមព្រៀងចាស់ជាមួយមហាអំណាចធំៗដែលលោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញក្នុងអាណត្តិទី១របស់លោក កាលពីឆ្នាំ២០១៨។

«នៅក្រោមកិច្ចព្រមព្រៀងណាមួយ យើងនឹងមិនអនុញ្ញាតឱ្យមានការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះឡើយ»។ នេះជាការលើកឡើងរបស់លោក ត្រាំ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បន្ទាប់ពីសារព័ត៌មានអាមេរិក Axios រាយការណ៍ថាទីក្រុងវ៉ាស៊ីនតោននឹងយល់ព្រមអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់អាចបន្ត ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយចំនួន។ លោក ត្រាំ ក៏បានឆ្លៀតរិះគន់លោក ចូ បៃដិនផងដែរដោយនិយាយថាគណបក្សប្រជាធិបតេយ្យគួរតែបញ្ឈប់ការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់តាំងតែពីយូរមកម្ល៉េះ។

គួរបញ្ជាក់ថា អ៉ីរ៉ង់តែងតែទទូចជារឿយៗថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិតថាមពលអគ្គិសនីតែប៉ុណ្ណោះ ហើយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ក៏បានសង្កត់ធ្ងន់ដែរថាប្រសិនបើគោលដៅ នោះគឺរារាំងអ៉ីរ៉ង់ពីសកម្មភាពនុយក្លេអ៊ែរដោយសន្តិវិធី នោះកិច្ចព្រមព្រៀងនឹងមិនអាចសម្រេចបានទេ។ ការកត់សម្គាល់បែបនេះរបស់ប្រមុខការទូតអ៉ីរ៉ង់ កើតមានឡើងបន្ទាប់ពីប្រធានទីភ្នាក់ងារថាមពលអតូមិកអន្តរជាតិ (IAEA) បានអំពាវនាវកាលពីថ្ងៃចន្ទឱ្យអ៉ីរ៉ង់ ផ្ដល់តម្លាភាព ក្រោយលេចធ្លាយព័ត៌មានថាតេហេរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម កាន់តែជិតដល់កម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ៕