(ហ្កាហ្សា)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃចន្ទ ទី២ ខែមិថុនា បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយលើ ការសម្លាប់ និងបង្កឱ្យជនជាតិប៉ាឡេស្ទីនរងរបួស នៅក្បែរទីតាំងចែកជំនួយមនុស្សធម៌មួយគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ្កាហ្សាកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Guterres បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ខ្ញុំមានការតក់ស្លុតនៅពេលបានដឹងពីសេចក្ដីរាយការណ៍ថាមានជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានសម្លាប់ និងរងរបួស ខណៈពួកគេកំពុងស្វែងរកជំនួយមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា។ នេះជារឿងមិនអាចទទួលបាននោះទេដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រថុយជីវិត របស់ពួកគេ ដើម្បីចំណីអាហារ»។ ប្រមុខ UN រូបនេះផ្ទាល់ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយផងដែរ ដើម្បីវែកមុខជនល្មើសមកទទួលខុសត្រូវ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារការពារជនស៊ីវិលក្នុងតំបន់ហ្កាហ្សា ទាហានអ៉ីស្រាអែលបានបាញ់សម្លាប់មនុស្សយ៉ាងហោច ៣១នាក់ និង១៧៦នាក់ផ្សេងទៀតបានរងរបួស នៅក្បែរទីតាំងចែកជំនួយស្ថិតនៅក្នុងទីក្រុង Rafah នៃភាគខាងត្បូងហ្កាហ្សាកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ តែខាងអ៉ីស្រាអែលបានច្រានចោលការអះអាងនេះ៕