(បាងកក)៖ ប្រទេសថៃបានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នចំពោះការប្រកាសរបស់កម្ពុជា ដែលមានបំណងដាក់បញ្ហាវិវាទព្រំដែន ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោះស្រាយជម្លោះនេះ។
ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់សម្តី រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa ដែលបានថ្លែងកាលពីថ្ងៃចន្ទ ទី២ ខែមិថុនា ថា កម្ពុជាមានសិទ្ធិដាក់បណ្តឹងទៅកាន់ ICJ ប៉ុន្តែការដាក់បណ្តឹងនេះ មិនប៉ះពាល់ដល់ការពិភាក្សាទ្វេភាគី ដែលស្ថិតក្រោមយន្តការមានស្រាប់ឡើយ។ លោក Maris បានបន្តថា ក្រុមមន្រ្តីថៃនឹងជួបគ្នាក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញជំហរផ្លូវការមួយ។
រីឯឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai ក៏បានបញ្ជាក់បន្ថែមដែរថា ប្រទេសថៃ នឹងជៀសវាងការបង្កើនភាពតានតឹង និងបន្តពិភាក្សាជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះ។ ការសម្រេចចិត្តរបស់កម្ពុជា ដែលមានបំណងដាក់បណ្តឹងទៅកាន់ ICJ បានបង្កឱ្យមានការរិះគន់ពីក្រុមជាតិជ្រុលនិយម នៅក្នុងប្រទេសថៃ។ នៅជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃ ត្រូវគេរាយការណ៍ថា បានបដិសេធសំណើរបស់ក្រុមយោធាថៃខ្លះ ដែលចង់បិទច្រកព្រំដែនជាបណ្តោះអាសន្ន ដោយរដ្ឋាភិបាលថៃយល់ថា ការបិទច្រកព្រំដែន នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់ថៃ។
ទោះបីជាមានការប្រកាសពីកម្ពុជាដែលមានបំណងដាក់បណ្តឹងទៅកាន់ ICJ ក៏ដោយ ប្រទេសថៃ ត្រូវគេរាយការណ៍ថា បានបន្តការពិភាក្សាទ្វេភាគី តាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដើម្បីដោះស្រាយជម្លោះនេះ។ ប្រទេសថៃ បានបង្ហាញពីជំហរប្រុងប្រយ័ត្នមួយរបស់ខ្លួន ដោយបន្តការពិភាក្សាទ្វេភាគីជាមួយកម្ពុជា ជាមួយនឹងការជៀសវាងការបង្ហាញការគាំទ្ររបស់ខ្លួន ដល់ការដោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ៕