(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃអង្គារ ទី៣ ខែមិថុនា អាជ្ញាធរនៅប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា អ្នកទោសជាង២០០នាក់ បាននាំគ្នារត់គេចខ្លួនចេញពីពន្ធនាគារមួយកន្លែង ក្នុងទីក្រុង Karachi នៃខេត្ត Sindh កាលពីវេលាយប់កន្លងទៅ អំឡុងបាតុភូតរញ្ជួយដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP។
លោក Kashif Abbasi ដែលជាមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ បាននិយាយថា អ្នកទោសសរុបចំនួន២១៦នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសធម្មតា បានឆ្លៀតឱកាសរត់គេចខ្លួន ចេញពីពន្ធនាគារ ប៉ុន្តែក្នុងចំណោមនោះ ៧៨នាក់ត្រូវចាប់ខ្លួនបានមកវិញហើយ។
គួរបញ្ជាក់ថា សកម្មភាពហែកគុករត់គេចខាងលើកើតឡើង បន្ទាប់ពីក្រុមអ្នកទោស ត្រូវបានជម្លៀសចេញពីបន្ទប់ឃុំឃាំងរបស់ពួកគេ ទៅកាន់ទីសុវត្ថិភាព ក្រោយកើតមានបាតុភូតរញ្ជួយដីកម្រិតស្រាលមួយ។ ឆ្លៀតឱកាសនោះ អ្នកទោសមួយក្រុម ស្រាប់តែវាយប្រហារលើឆ្មាំពន្ធនាគារ ហើយដណ្តើមបានអាវុធ រួចបើកការបាញ់ប្រហារ និងរត់គេចខ្លួនបាត់។ បើតាមលោក Abbasi ប៉ូលិសប៉ាគីស្ថាន កំពុងបន្តប្រតិបត្តិការឆែកឆេរ ដើម្បីចាប់ខ្លួនអ្នកទោសដែលរត់គេចទាំងអស់ ត្រឡប់មកពន្ធនាគារវិញ៕