(ហាណូយ)៖ ក្រសួងកសិកម្មបានឱ្យដឹងថា ក្រុមហ៊ុនវៀតណាម នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយដៃគូសហរដ្ឋអាមេរិកដើម្បីទិញកសិផល គិតជាទឹកប្រាក់ ២ពាន់លានដុល្លារ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ ២០២៥។
MOU នោះនឹងត្រូវចុះហត្ថលេខា អំឡុងពេលដែលក្រុមប្រតិភូនៃក្រុមហ៊ុនវៀតណាម ៥០នាក់ ដឹកនាំដោយរដ្ឋមន្រ្តីកសិកម្ម លោក Do Duc Duy ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក រួមទាំង MOU ចំនួន ៥ទៀត ដើម្បីទិញផលិតផលពីរដ្ឋ Iowa ក្នុងរយៈពេល ៣ឆ្នាំ គិតជាទឹកប្រាក់ ៨០០លានដុល្លារ។
កាលពីឆ្នាំមុន វៀតណាមបានទិញកសិផលអាមេរិក ក្នុងទំហំទឹកប្រាក់ ៣.៤ពាន់លានដុល្លារ ហើយបាននាំចេញកសិផលរបស់ខ្លួន គិតជាទឹកប្រាក់ ១៣.៦៨ពាន់លានទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ វៀតណាមក៏ប្រឈមមុខនឹងពន្ធគយ ៤៦ភាគរយរបស់រដ្ឋបាលលោក ត្រាំ ដែលត្រូវផ្អាកបណ្តោះរហូតដល់ខែកក្កដា ដើម្បីចរចាផងដែរ។
គួរបញ្ជាក់ថា នៅក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម វៀតណាមបានសន្យាថា នឹងអនុញ្ញាតឱ្យមានការនាំចូលពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីបង្រួមគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕