(ញូវដែលី)៖ ការចែកចាយយន្តហោះរបស់ក្រុមហ៊ុន Airbus នៅក្នុងខែឧសភា ឆ្នាំ ២០២៥ បានចំនួន ៥១គ្រឿង ពោលគឺធ្លាក់ចុះ ៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ ២០២៥។
ការចែកចាយសរុបនៅក្នុងឆ្នាំ ២០២៤ បានចំនួន ២៤៣គ្រឿង ដោយធ្លាក់ចុះ ៥ភាគរយពីរយៈពេល ៥ខែដំបូង។ ក្រុមហ៊ុន Airbus បានបដិសេធធ្វើការអត្ថាធិប្បាយ មុនពេលចេញផ្សាយតួលេខនៃការលក់ប្រចាំខែ នៅថ្ងៃទី៥ ខែមិថុនា។
ក្រុមហ៊ុនផលិតយន្តហោះរបស់ពិភពលោកមួយនេះ កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីក្រុមហ៊ុនអាកាសចរណ៍ ជុំវិញការពន្យាពេលចែកចាយយន្តហោះ ដោយសារតែខ្លួនមានបំណងបំពេញគោលដៅ ប្រគល់យន្តហោះជូនអតិថិជន ឱ្យបាន ៨២០គ្រឿងក្នុងរយៈពេលពេញមួយឆ្នាំ។
បណ្តាក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងចូលរួមពិពណ៌ប្រចាំឆ្នាំ នៅទីក្រុងញូវដែលី ក្នុងសប្តាហ៍នេះ បានរិះគន់ក្រុមហ៊ុន Airbus ជុំវិញបញ្ហាផ្គត់ផ្គង់ដែលបន្តអស់រយៈពេលច្រើនឆ្នាំ ចាប់តាំងពីជំងឺកូវីដ១៩។ Airbus រំពឹងថាការពន្យារពេល ដែលបណ្តាលមកពីភាពយឺតយ៉ាវនៃការមកដល់គ្រឿងម៉ាស៉ីន នឹងមានស្ថិរភាពវិញអំឡុងរដូវក្តៅនេះ៕