(សេអ៊ូល)៖ ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃពុធ ទី៤ ខែមិថុនាបានសន្យាថានឹងបន្តស្វែងរកកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ហើយស្ដារទំនាក់ទំនងឡើងវិញជាមួយអ្នកជិតខាង ប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់ខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Lee Jae-myung ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយនាឱកាសឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង បន្ទាប់ពីលោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីកាលពីថ្ងៃអង្គារម្សិលមិញ។ លោក Lee បានគូសបញ្ជាក់ដូច្នេះថា «មិនថាលះបង់តម្លៃណានោះទេ ក៏សន្តិភាពនៅតែល្អប្រសើរជាងសង្រ្គាម»។ លោក Lee ក៏បានប្ដេជ្ញាដែរថានឹងបន្តពង្រឹង សមត្ថភាពកំញើញទប់ស្កាត់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងសកម្មភាពយោធាបង្ករឿងរបស់កូរ៉េខាងជើង ខណៈបើកចំហចំពោះកិច្ចសហប្រតិបតិការ។

គួរបញ្ជាក់ថា លោក Lee Jae-myung បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ លើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជា អតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង លោក Lee ទទួលបានសំឡេងគាំទ្រ ៤៩.៤២ភាគរយ រីឯលោក Kim ទទួលបានសំឡេងគាំទ្រ ៤១.១៥ភាគរយ៕