(ហ៊្សេរុយសាឡិម)៖ សេចក្តីថ្លែងការណ៍របស់យោធាអ៉ីស្រាអែល បានឱ្យដឹងថា ខ្លួនបានវាយប្រហារលើអាវុធដែលជាកម្មសិទ្ធិរបស់របបដឹកនាំស៉ីរី នៅឯភាគខាងត្បូងប្រទេសស៉ីរី និងជាការវាយប្រហារលើកទីពីរ បន្ទាប់ពីមីស៉ីលពីរគ្រាប់ត្រូវបានបាញ់ឆ្ពោះមកអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ ២០២៥។

កាលពីថ្ងៃអង្គារ មានសេចក្តីរាយការណ៍ថា មីស៉ីលពីរគ្រាប់ត្រូវបានបាញ់ឆ្ពោះមកកាន់អ៉ីស្រាអែល ចេញពីទឹកដីស៉ីរី។ ភ្លាមៗ គេមិនទាន់ប្រាកដទេថាជាស្នាដៃក្រុមណា។ តែរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz គូសបញ្ជាក់ថា «យើងចាត់ទុកថា ប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa ជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការគំរាមកំហែង និងការបាញ់ប្រហារមកលើអ៉ីស្រាអែល ហើយការឆ្លើយតបពេញលេញនឹងកើតមានក្នុងពេលឆាប់ៗ»

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី ការវាយប្រហាររបស់អ៉ីស្រាអែល បានធ្វើឡើងនៅក្នុងខេត្ត Daraa ភាគខាងត្បូង បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស និងសម្ភារ។ អ្នកស្រុកនិយាយថា កាំភ្លើងត្បាល់របស់អ៉ីស្រាអែល បានវាយលុកតំបន់ Wadi Yarmouk ភាគខាងលិចនៃខេត្ត Daraa ក្បែរព្រំដែនជាមួយតំបន់ Golan Heights កាន់កាប់ដោយអ៉ីស្រាអែល។

គួរបញ្ជាក់ថា ថ្មីៗនេះ ស៉ីរី និងអ៉ីស្រាអែល បានចូលរួមក្នុងកិច្ចពិភាក្សាដោយផ្ទាល់ ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលកើតមានអស់រយៈពេលរាប់ទសវត្សរ៍មកហើយ រវាងប្រទេសនៅមជ្ឈិមបូព៌ាទាំងពីរនេះ៕