(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃពុធ ទី៤ ខែមិថុនា បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបជាប់ឆ្នោត គឺលោក Lee Jae-myung ថាទីក្រុងប៉េកាំងផ្តល់សារសំខាន់ជាខ្លាំង ចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសារអបអរសាទរជ័យជម្នះរបស់លោក Lee ក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ លោកប្រធានាធិបតីចិន បាននិយាយដូច្នេះថា «ភាពមិនប្រាកដប្រជា កំពុងតែកើនឡើងនៅក្នុងស្ថានការណ៍ទាំងតំបន់និងអន្តរជាតិ។ ខ្ញុំផ្តល់សារសំខាន់ខ្លាំងណាស់ចំពោះ ការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូង។ ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកូរ៉េខាងត្បូង ដើម្បីប្រកាន់ខ្ជាប់នូវគោលបំណងដើម នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាចំណងមិត្តភាពនៃអ្នកជិតខាងល្អ»។
គួរបញ្ជាក់ថា លោក Lee Jae-Myung បានទទួលជ័យជម្នះលើលោក Kim Moon-soo មកពីគណបក្ស People Power Party របស់អតីតប្រធានាធិប តីដែលត្រូវបានដកតំណែង គឺលោក Yoon Suk Yeol ក្នុងការបោះឆ្នោតមុនអាណត្តិ។ លោក Lee បានចូលកាន់តំណែងភ្លាមៗតែម្តង ក្រោយលទ្ធផលបោះឆ្នោត ត្រូវបានផ្ទៀងផ្ទាត់និងប្រកាសជាផ្លូវការ នាថ្ងៃពុធនេះ៕