(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថារូបលោកនឹងសងសឹកអ៊ុយក្រែន ចំពោះការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាស របស់រុស្ស៉ីកាលពីពេលថ្មីៗនេះដែលបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករាប់សិបគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ុយក្រែនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានបើកប្រតិបត្តិការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាសរុស្ស៉ីចំនួន៤ ដោយបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី ជាង ៤១គ្រឿង ហើយទំហំខូចខាតនេះត្រូវបានអ៊ុយក្រែនវាយតម្លៃថាមានទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ។ ក្រោយការវាយប្រហារនេះ អ៊ុយក្រែនក៏បានវាយប្រហារបំផ្ទុះបង្កការខូចខាតដល់ស្ពានមួយដែលតភ្ជាប់ រុស្ស៉ីទៅកាន់តំបន់គ្រីមៀផងដែរ។ លោក ពូទីន វិញកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ដោយសំអាងលើការវាយប្រហាររបស់អ៊ុយក្រែន បាននិយាយថាលោកផ្ទាល់មិនគិតនោះទេថាមេដឹកនាំអ៊ុយក្រែន ចង់បានសន្តិភាព។
ភ្លាមៗក្រោយលោក ពូទីន បានបើកកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីរបស់លោកក្នុងទីក្រុងមូស្គូ លោក ត្រាំ បានអះអាងថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន រយៈពេល ១ម៉ោង ១៥នាទី ហើយថាអ្នកទាំង២បានជជែកគ្នាពីការវាយប្រហាររបស់អ៊ុយក្រែន និងបញ្ហាអ៉ីរ៉ង់។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថា «យើងបានពិភាក្សាគ្នាពីការវាយប្រហារលើ មូលដ្ឋានយន្ដហោះរបស់រុស្ស៉ី និងការវាយប្រហារជាច្រើនទៀតដែលបានធ្វើឡើងដោយភាគីសង្រ្គាមទាំង២»។ លោក ត្រាំ បន្តថាក្នុងកិច្ចសន្ទនានោះលោក ពូទីន បានប្រាប់រូបលោកថារុស្ស៉ីនឹងសងសឹក អ៊ុយក្រែនចំពោះការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី។
គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោក ត្រាំ បានប្រាប់លោក ពូទីន កាលពីថ្ងៃពុធថាទីក្រុងវ៉ាស៊ីនតោនមិនត្រូវបានប្រាប់ឱ្យដឹងជាមុនអំពីការវាយប្រហាររបស់អ៊ុយក្រែននោះទេ ខណៈបេសកជនពិសេស របស់លោក ត្រាំ បាននិយាយថាហានិភ័យនៃការកើនឡើងជម្លោះក្នុងសង្រ្គាមអ៊ុយក្រែនកំពុងកើនឡើង ក្រោយការវាយប្រហាររបស់អ៊ុយក្រែន។ រុស្ស៉ីបានបាញ់មីស៊ីល និងដ្រូនយ៉ាងសន្ធឹក ក្នុងការវាយប្រហារ លើអ៊ុយក្រែនកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ពោលមុនការវាយប្រហាររបស់អ៊ុយក្រែនបំផ្លាញយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី៕