(ញូវយ៉ក)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៤ ខែមិថុនា បានបោះឆ្នោតវ៉េតូប្រឆាំងជំទាស់នឹងសេចក្ដីព្រាងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងសម្រួលដល់ការផ្ដល់ជំនួយ ចូលទៅក្នុងតំបន់ហ្កាហ្សាដោយគ្មានការរំខាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ ប្រទេស១៤ផ្សេងទៀតជាសមាជិកក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតគាំទ្រលើដំណោះស្រាយខាងលើ ដោយមានតែសហរដ្ឋអាមេរិក តែម្នាក់ឯងគត់បានបោះឆ្នោតវ៉េតូ។ ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំ UN លោកស្រី Dorothy Shea បានប្រាប់ក្រុមប្រឹក្សាមុនការបោះឆ្នោតថាសហរដ្ឋអាមេរិកបានបញ្ជាក់ច្បាស់ៗ រួចហើយថាយើងនឹងមិនគាំទ្ររាល់ដំណោះស្រាយណាមួយដែលមិនថ្កោលទោសហាម៉ាស និងមិនអំពាវនាវឱ្យក្រុមហាម៉ាសរំសាយអាវុធ និងចាកចេញពីតំបន់ហ្កាហ្សានោះទេ។

ឯកអគ្គរដ្ឋទូតរងអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ដែរថាដំណោះស្រាយនេះក៏អាចនឹងបំផ្លាញដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកបទឈប់បាញ់ផងដែរ។ វ៉ាស៊ីនតោន គឺជាអ្នកផ្គត់ផ្គង់អាវុធ និងជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៉ីស្រាអែល៕