(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយបំផុតរបស់អ៊ុយក្រែន នៅពេលដែលយោធារបស់ខ្លួនយល់ឃើញថាសមស្រប ដោយបានចោទប្រកាន់ទីក្រុងកៀវពី «អំពើភេរវកម្មរដ្ឋ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីចុងសប្តាហ៍មុន អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) វាយប្រហារលើយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់របស់រុស្ស៊ីនៅឯមូលដ្ឋានទ័ពអាកាសក្នុងតំបន់ស៊ីបេរី និងភាគខាងជើងឆ្ងាយ។ លើសពីនេះ រុស្ស៊ីក៏បានចោទប្រកាន់អ៊ុយក្រែនថាបានបំផ្ទុះស្ពានផ្លូវដែកនៅភាគខាងត្បូងនៃប្រទេស ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បានគូសបញ្ជាក់ពីការអត្ថាធិប្បាយរបស់លោក ពូទីន កាលពីមួយថ្ងៃមុន ទាក់ទងនឹងការវាយប្រហារលើផ្លូវដែក ដោយថ្លែងយ៉ាងដូច្នេះថា «ប្រធានាធិបតីបានពណ៌នាអំពីរបបក្រុងកៀវថាជារបបភេរវករ ដែលបានបញ្ជាឲ្យបំផ្ទុះរថភ្លើងដឹកអ្នកដំណើរ។ នេះគឺគ្មានអ្វីក្រៅពីអំពើភេរវកម្មនៅកម្រិតរដ្ឋនោះទេ...»។
គួរបញ្ជាក់ថា ការវាយប្រហារទៅវិញទៅមកនេះ បានធ្វើឲ្យសង្គ្រាមកាន់តែកើនឡើងកម្តៅ និងបានបំផ្លាញដល់ការរំពឹងទុកសម្រាប់កិច្ចចរចាសន្តិភាព ដែលភាគីទាំងពីរទើបតែបានបន្តនៅប្រទេសតួកគីយ៉េកាលពីខែមុន។ ទោះជាយ៉ាងនេះក្តី លោក Peskov បានកត់សម្គាល់ថា លោក ពូទីន បានគាំទ្រទស្សនៈរបស់រដ្ឋមន្ត្រីការបរទេស Sergei Lavrov នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា ទំនាក់ទំនងកម្រិតការងារជាមួយអ៊ុយក្រែនគួរតែបន្ត។
ការប្រកាសជំហរដ៏តឹងរ៉ឹងរបស់វិមានក្រឹមឡាំងនេះ បានកើតឡើងចំពេលមានការកើនឡើងនូវអំពើហិង្សា និងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងជុំវិញអនាគតនៃកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕