(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ខណៈដែលទំនាក់ទំនងទ្វេភាគីកំពុងតានតឹងដោយសារជម្លោះពាណិជ្ជកម្ម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ។

ស៊ីនហួរ បានរាយការណ៍ថា ការសន្ទនាតាមទូរស័ព្ទនេះ ធ្វើឡើងតាមការស្នើសុំរបស់លោក ត្រាំ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ការហៅទូរស័ព្ទដែលត្រូវបានរំពឹងទុកនេះ កើតឡើងចំពេលមានការចោទប្រកាន់គ្នាទៅវិញទៅមក រវាងមហាអំណាចទាំងពីរ ជុំវិញបញ្ហារ៉ែសំខាន់ៗ ដែលគំរាមកំហែងដល់កិច្ចព្រមព្រៀងផ្អាកអនុវត្តពន្ធរយៈពេល ៩០ថ្ងៃ កាលពីថ្ងៃទី១២ ខែឧសភា។

ការសម្រេចចិត្តរបស់ចិនកាលពីខែមេសា ក្នុងការផ្អាកការនាំចេញរ៉ែសំខាន់ៗ និងមេដែក បានបន្តរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ទីក្រុងប៉េកាំងមើលឃើញថា ការរឹតបន្តឹងការនាំចេញទាំងនេះ ជាមធ្យោបាយដាក់សម្ពាធ។ កិច្ចព្រមព្រៀង ៩០ថ្ងៃ កំពុងស្ថិតក្រោមភាពតានតឹង ដោយលោក ត្រាំ បានចោទចិនពីរំលោភកិច្ចព្រមព្រៀង និងបានបញ្ជាឲ្យមានការរឹតបន្តឹងលើការនាំចេញកម្មវិធីរចនាបន្ទះឈីបទៅចិន ដែលទីក្រុងប៉េកាំងបានបដិសេធ និងគំរាមតបត។

លោក ត្រាំ បានជំរុញឲ្យមានការសន្ទនាជាមួយលោក ស៊ី ជាយូរមកហើយ ប៉ុន្តែចិនពីមុនមកហាក់ស្ទាក់ស្ទើរ ដោយចង់ឲ្យមន្ត្រីថ្នាក់ក្រោមដោះស្រាយព័ត៌មានលម្អិតជាមុន។ ភាគីអាមេរិកមើលឃើញថា ជំនួបរវាងមេដឹកនាំ គឺសំខាន់ដើម្បីទម្លុះភាពជាប់គាំង។ គេមិនទាន់ដឹងច្បាស់ថា មេដឹកនាំទាំងពីរបាននិយាយគ្នាចុងក្រោយនៅពេលណានោះទេ។ វិនិយោគិនកំពុងតាមដានកិច្ចសន្ទនានេះយ៉ាងយកចិត្តទុកដាក់ ដោយបារម្ភថាសង្គ្រាមពាណិជ្ជកម្មអាចប៉ះពាល់ដល់ប្រាក់ចំណូលក្រុមហ៊ុន និងខ្សែសង្វាក់ផ្គត់ផ្គង់។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ពាក់ព័ន្ធនឹងបញ្ហាជាច្រើន ចាប់ពីពាណិជ្ជកម្ម រហូតដល់សន្តិសុខ និងបច្ចេកវិទ្យា៕