(ប៉ុមប៉េ)៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយ បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីតាលីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បណ្តាលឲ្យមានការរលំបាក់ផ្នែកខ្លះនៃជញ្ជាំង និងដំបូលរាងកោងមួយផ្នែក នៅទីតាំងបុរាណវត្ថុ Pompeii ដ៏ល្បីល្បាញ។ នេះបើតាមការចុះផ្សាយដោយ ភ្នាក់ងារសារព័ត៌មាន Reuters។
ការរញ្ជួយដីដែលមានកម្រិត ៣.២ រ៉ិចទ័រនេះ គឺជាការរញ្ជួយចុងក្រោយបំផុត ដែលមានចំណុចកណ្តាលនៅតំបន់ភ្នំភ្លើង Campi Flegrei ក្បែរទីក្រុង Naples។ អាជ្ញាធរបានឲ្យដឹងថា តំបន់ដែលរងផលប៉ះពាល់នៅ Pompeii ធ្លាប់បានទទួលរងការខូចខាតរួចមកហើយនៅក្នុងគ្រោះរញ្ជួយដីដ៏ធំមួយកាលពីឆ្នាំ ១៩៨០ ហើយត្រូវបានជួសជុល និងទ្រទ្រង់ឡើងវិញចាប់តាំងពីពេលនោះមក។
អាជ្ញាធរបានបញ្ជាក់ថា មិនមានផ្ទាំងគំនូរ ឬវត្ថុបុរាណដែលអាចចល័តបាន នៅក្នុងរចនាសម្ព័ន្ធដែលរងការខូចខាតនោះទេ ហើយក៏មិនមាននរណាម្នាក់រងរបួសដែរ។ លោក Gabriel Zuchtriegel នាយកគ្រប់គ្រងទីតាំងបុរាណវត្ថុ Pompeii បាននិយាយថា ការត្រួតពិនិត្យកំពុងត្រូវបានអនុវត្ត ដើម្បីធានាថាមិនមានតំបន់ផ្សេងទៀតត្រូវបានប៉ះពាល់។
គួរបញ្ជាក់ថា ទីក្រុងបុរាណ Pompeii ត្រូវបានកប់ក្រោមផេះភ្នំភ្លើង និងត្រូវបានបំផ្លាញដោយសារការផ្ទុះភ្នំ Vesuvius ក្នុងឆ្នាំ ៧៩ នៃគ្រិស្តសករាជ។ ទីតាំង Pompeii គឺជាបេតិកភណ្ឌពិភពលោករបស់ UNESCO និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយបំផុតមួយរបស់អ៊ីតាលី ដែលទាក់ទាញអ្នកទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ៕