(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានគំរាមលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាមេរិកជាមួយបណ្ដាក្រុមហ៊ុនរបស់ លោកមហាសេដ្ឋី Elon Musk ខណៈថៅកែក្រុមហ៊ុន Tesla រូបនេះបាននិយាយថាលោក ត្រាំ គួរតែត្រូវបានគេដំណើរការនីតិវិធីដកចេញពីតំណែង ហើយដែលនេះបានប្រែក្លាយទំនាក់ទំនង ផ្អែមល្ហែមរបស់អ្នកទាំង២ ទៅជាជម្លោះដ៏ក្ដៅគគុកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជម្លោះរវាងលោក ត្រាំ និងលោក Musk បានកើតឡើង ក្រោយលោកប្រធានាធិបតីអាមេរិកបានរិះគន់ថៅកែក្រុមហ៊ុន Tesla នៅឯការិយាល័យពងក្រពើនៃសេតវិមាន។ ប៉ុន្មានម៉ោងក្រោយមក ទំនាក់ទំនងដែលធ្លាប់តែផ្អែមល្ហែមនឹងគ្នា បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីឌឺដងដាក់គ្នាទៅវិញទៅមករវាងអ្នកមានជាងគេបំផុតនៅលើពិភពលោក និងមនុស្សមានអំណាចជាងគេបំផុត នៅលើពិភពលោក លើបណ្ដាញទំនាក់ទំនងសង្គម Truth Social និង X។
នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បាននិយាយថាមធ្យោបាយដ៏ងាយស្រួលមួយដើម្បីសន្សំសំច្ចៃថវិការបស់យើងរាប់ពាន់លានដុល្លារ នោះគឺផ្ដាច់កុងត្រាជាមួយ បណ្ដាក្រុមហ៊ុនរបស់ Elon។ សម្ដីតែប៉ុន្មានម៉ាត់នេះរបស់លោក ត្រាំ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដាំក្បាលចុះដោយខាតទឹកប្រាក់ជាង ១៥០ពាន់លានដុល្លារ ដែលនេះជាការខាតបង់ធ្ងន់ធ្ងរបំផុតមួយត្រឹមពេលតែមួយថ្ងៃ នៅក្នុងប្រវត្តិសាស្ត្ររបស់ Tesla។
ជាការឆ្លើយតប លោក Musk បានវាយបកទៅកាន់លោក ត្រាំវិញ ដោយនិយាយថាលោក ត្រាំ គួរតែត្រូវបានគេដំណើរការនីតិវិធីទម្លាក់ចេញពីតំណែង។ ប៉ុន្តែខណៈគណបក្សសាធារណរដ្ឋ កំពុងក្ដាប់សំឡេងភាគច្រើនទាំងនៅសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ការដំណើរនីតិវិធីនេះគឺមិនអាចធ្វើទៅដោយជោគជ័យនោះទេ។
គួរបញ្ជាក់ថា ការប្រេះឆាទំនាក់ទំនងរវាងលោក ត្រាំ និងលោក Elon Musk បានកើតឡើងកាលពីពេលថ្មីៗនេះ នៅពេលដែលមហាសេដ្ឋីរូបនេះបានថ្កោលទោសគោលនយោបាយពន្ធ និងការចំណាយរបស់លោក ត្រាំ ហើយថែមទាំងព្រលយទៀតផងថាលោក ត្រាំ ប្រហែលជាចាញ់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៤បាត់ទៅហើយ ប្រសិនបើគ្មានការគាំទ្រពីរូបលោក ទេនោះ។ សម្ដីនេះបានធ្វើឱ្យលោក ត្រាំ ក្ដៅស្លឹកត្រចៀកដោយថារូបលោកមានការខកចិត្តជាខ្លាំងចំពោះលោក Musk និងហៅមហាសេដ្ឋីរូបនេះថាជាមនុស្សឆ្កួត៕