(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនាថាសហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។
ដោយហៅកិច្ចសន្ទនាជាមួយលោក ស៊ី ជីនពីង ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ លោក ត្រាំ បាននិយាយថាភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២ អាចនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ ហើយកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀតនឹងត្រូវធ្វើឡើងរវាងក្រុមមន្ត្រីនៃប្រទេសទាំង២។ លោក ត្រាំ ក៏បានឱ្យដឹងដែរថាលោក និងលោក ស៊ី ជីនពីងថែមទាំងអញ្ជើញគ្នាធ្វើទស្សនកិច្ចទៅវិញទៅមក ទៀតផង។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ កិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ គឺផ្ដោតស្ទើរតែទាំងស្រុងលើពាណិជ្ជកម្ម ដោយមិនមានពាក់ព័ន្ធនឹង បញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតដូចជាអ៉ីរ៉ង់ និងអ៊ុយក្រែននោះឡើយ៕