(មូស្គូ)៖ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយនៅថ្ងៃសុក្រ ទី៦ ខែមិថុនា អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov បាននិយាយថា រុស្ស៉ីមើលឃើញមានឱកាសស្តួចស្តើងណាស់ ក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយ​សហរដ្ឋអាមេរិក ដែលត្រូវផុតសុពលភាពក្នុងរយៈពេល៨ខែ ដោយសារស្ថានភាពដុនដាប នៃទំនាក់ទំនងជាមួយវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Ryabkov បានលើកឡើងថា គម្រោងអភិវឌ្ឍប្រព័ន្ធខែលការពារមីស៉ីល Golden Dome របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាកត្តាដ៏ចម្បងមួយ ដែលបង្កើតចេញនូវឧបសគ្គថ្មី ចំពោះបញ្ហានៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងមហាអំណាចទាំងពីរ។ កិច្ចព្រមព្រៀងហៅថា New START គឺជាសន្ធិសញ្ញាចុងក្រោយបង្អស់រវាងរុស្ស៉ី និងសហរដ្ឋអាមេរិក ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលភាគីទាំងពីរអាចដាក់ពង្រាយបាន។

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីឆ្នាំ២០២៣ បានផ្អាកការចូលរួមរបស់រុស្ស៉ី ក្នុងកិច្ចព្រមព្រៀងនេះ ដោយទម្លាក់កំហុសទៅលើការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន ប៉ុន្តែលោកបានបញ្ជាក់ថា រុស្ស៉ីនឹងបន្តស្ថិតក្រោមការកំណត់របស់សន្ធិសញ្ញា ស្តីពីចំនួនក្បាលគ្រាប់ មីស៉ីល និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់។

គួរបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀង New START មិនត្រូវបានពន្យារបន្ថែម និងជំនួសដោយកិច្ចព្រមព្រៀងថ្មីណាមួយទេនោះ ក្រោយពេលផុតសុពលនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញបារម្ភថា វាអាចនឹងដុតបញ្ឆេះការរត់ប្រណាំងសព្វាវុធថ្មី ចំពេលមួយដែលភាពតានតឹងអន្តរជាតិខ្លាំង ជុំវិញជម្លោះនៅអ៊ុយក្រែន ដែលទាំងលោក ពូទីន និងលោក ត្រាំ បាននិយាយថា អាចនឹងនាំទៅរកសង្រ្គាមលោកលើកទី៣៕