(ប៉េកាំង)៖ យប់ថ្ងៃទី៥ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកតាមការណាត់។
លោក Xi Jinping បានគូសបញ្ជាក់ថា យោងតាមការស្នើឡើងរបស់សហរដ្ឋអាមេរិក ប្រធានក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានធ្វើកិច្ចពិភាក្សាការងារនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស ដោយបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរក ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា ដែលទទួលបានការស្វាគមន៍ យ៉ាងទូលំទូលាយពីមជ្ឈដ្ឋាននានារបស់ប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ ប្រការនេះក៏បានបញ្ជាក់ថា កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់។ ភាគីទាំងពីរគួរតែប្រើប្រាស់ឱ្យបានល្អ នូវយន្តការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបានបង្កើតរួច ប្រកាន់ខ្ជាប់អាកប្បកិរិយាសមភាព គោរពពីក្តីកង្វល់រៀងៗខ្លួន ដើម្បីស្វែងរកលទ្ធផលឈ្នះ-ឈ្នះ។
ទាក់ទិននឹងរឿងនេះ ប្រទេសចិនមានភាពស្មោះត្រង់ ហើយក៏មានគោលការណ៍របស់ខ្លួនដែរ ។ បន្ទាប់ពីកិច្ចពិភាក្សានៅក្រុងហ្សឺណែវ ប្រទេសចិនបានអនុវត្តកិច្ចព្រមព្រៀងយ៉ាងម៉ឺម៉ាត់និងម៉ត់ចត់ សហរដ្ឋអាមេរិកគួរតែមើលឃើញពីការវិវឌ្ឍដែលទទួលបាន ហើយលុបចោលវិធានការអវិជ្ជមានដែលអនុវត្តចំពោះប្រទេសចិន។ ភាគីទាំងពីរគួរបង្កើនការផ្លាស់ប្តូរលើគ្រប់វិស័យ ដូចជា ការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កងទ័ព និងការអនុវត្តច្បាប់ជាដើម ក៏ដូចជាបង្កើនគំនិតឯកភាពរួម កាត់បន្ថយការយល់ច្រឡំ និងបង្កើនកិច្ចសហប្រតិបត្តិការ។
លោក ដូណាល់ ត្រាំ បានថ្លែងថា លោកគោរព ប្រធានរដ្ឋចិនលោក Xi Jinping ណាស់ ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន គឺមានសារសំខាន់ណាស់ ។ សហរដ្ឋអាមេរិករីករាយដែលមើលឃើញថា សេដ្ឋកិច្ចចិនបានរក្សាសន្ទុះកំណើនដ៏ខ្លាំងក្លា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិនអាចជំរុញឱ្យ សម្រេចរឿងមានប្រយោជន៍ជាច្រើន សហរដ្ឋអាមេរិកនឹងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនមួយ ។ កិច្ចពិភាក្សានៅក្រុងហ្សឺណែវរវាងប្រទេសទាំងពីរ ទទួលបានជោគជ័យហើយក៏ឈានដល់កិច្ចព្រមព្រៀងដ៏ល្អ ។ សហរដ្ឋអាមេរិករីករាយធ្វើការជាមួយប្រទេសចិន ដើម្បីធ្វើខិតខំប្រឹងប្រែងរួមក្នុងការអនុវត្តកិច្ចព្រមព្រៀង ។ សហរដ្ឋអាមេរិកស្វាគមន៍និស្សិតចិនមកបន្តការសិក្សានៅសហរដ្ឋអាមេរិក។
លោក Xi Jinping ក៏បានសម្តែងការស្វាគមន៍លោក ដូណាល់ ត្រាំ ទៅបំពេញទស្សនកិច្ចម្តងទៀតនៅប្រទេសចិន លោកដូណាល់ ត្រាំ បានថ្លែងអំណរគុណដោយស្មោះ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរយល់ព្រមឱ្យក្រុមការងារនៃភាគីទាំងពីរ បន្តអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមនៅក្រុងហ្សឺណែវ និងធ្វើកិច្ចពិភាក្សាជុំថ្មីក្នុងពេលឆាប់ៗ៕
វិទ្យុមិត្តភាពកម្ពុជាចិន