(វ៉ាស៊ីនតោន)៖ ជំនួយការរបស់លោក ដូណាល់ ត្រាំ បានរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងលោកប្រធានាធិបតី និងមហាសេដ្ឋី Elon Musk សម្រាប់ថ្ងៃសុក្រ ទី៦ ខែមិថុនា បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីជាសាធារណៈដ៏តឹងតែងមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះមានការគំរាមកំហែងលើកិច្ចសន្យារដ្ឋាភិបាល ហើយលោក Musk ថែមទាំងបានលើកឡើងថា លោក ត្រាំ គួរតែត្រូវបានចោទប្រកាន់ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។

ជម្លោះពាក្យសម្តីបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោក «ខកចិត្តយ៉ាងខ្លាំង» ចំពោះលោក Musk។ ជាការឆ្លើយតប លោក Musk បានសរសេរលើបណ្ដាញ X ថា «បើគ្មានខ្ញុំទេ លោក ត្រាំ នឹងចាញ់ឆ្នោត»។ បន្ទាប់មក លោក ត្រាំ បានគំរាមថា​ «មធ្យោបាយងាយស្រួលបំផុតដើម្បីសន្សំប្រាក់រាប់ពាន់លាន... គឺបញ្ចប់ការឧបត្ថម្ភធន និងកិច្ចសន្យារដ្ឋាភិបាលរបស់លោក Elon​Musk»។ ជាការឆ្លើយតប​ លោក​ Musk​ បានប្រកាសគាំទ្រការចោទប្រកាន់លោក​ ដូណាល់ ត្រាំ​ ចេញពីតំណែង ព្រមទាំងព្រមានបញ្ឈប់យានអវកាស Dragon របស់ SpaceX ដែលជាមធ្យោបាយតែមួយគត់របស់អាមេរិក ​ក្នុងការដឹកអវកាសយានិកទៅកាន់ស្ថានីយអវកាសអន្តរជាតិ។

ការប្រឈមមុខដាក់គ្នារវាងបុគ្គលដ៏មានឥទ្ធពលទាំងពីរ បានធ្វើឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ធ្លាក់ចុះជាង ១៤% ដែលជាការខាតបង់តម្លៃទីផ្សារប្រហែល ១៥០ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ដំណឹងអំពីការគ្រោងហៅទូរស័ព្ទនៅថ្ងៃសុក្រនេះ បានជួយឲ្យភាគហ៊ុនស្ទុះឡើងវិញខ្លះៗ ដែលបង្ហាញពីការប៉ុនប៉ងបញ្ឈប់ការខូចខាត។

គួរបញ្ជាក់ថា ជម្លោះនេះបានលាតត្រដាងពីទំនាក់ទំនងដ៏ផុយស្រួយរវាងប្រមុខរដ្ឋាភិបាល និងមហាសេដ្ឋីបច្ចេកវិទ្យា ដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា ប៉ុន្តែដែលភាពមិនចុះសម្រុងអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក៕