(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានចេញទណ្ឌកម្មថ្មីៗដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើបុគ្គល ១០នាក់ និងអង្គភាពចំនួន ២៧។ នេះបើយោងតាមការបង្ហោះនៅលើគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។
ទណ្ឌកម្មនេះ ក៏បានកំណត់គោលដៅលើអង្គភាពមួយចំនួនដែលមានមូលដ្ឋាននៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងហុងកុងផងដែរ បន្ថែមពីលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់។
ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយទីក្រុងតេអេរ៉ង់។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មស្របពេលនឹងការចរចា ហាក់ដូចជាយុទ្ធសាស្ត្រ «ដំបង និងការ៉ុត» របស់រដ្ឋបាលលោក ត្រាំ ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យយល់ព្រមលើលក្ខខណ្ឌដែលអាមេរិកចង់បាន៕