(ដាក្កា)៖ មេដឹកនាំស្តីទីនៃប្រទេសបង់ក្លាដែស លោក Muhammad Yanus កាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា បានប្រកាសឱ្យដឹងថា បង់ក្លាដែសនឹងរៀបចំការបោះឆ្នោតសកល នៅខែមេសា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលបណ្តោះអាសន្នរបស់ដោយ លោក Yanus បានដឹកនាំប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជន១៧៣លាននាក់នេះ ចាប់តាំងតែពីខែសីហា ឆ្នាំ២០២៤មក នៅពេលដែលអតីតនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina បានចុះចេញពីតំណែងនិងរត់ភៀសខ្លួនទៅប្រទេសឥណ្ឌា ក្រោយពេលផ្ទុះបាតុកម្មដ៏កក្រើកប្រឆាំងរដ្ឋាភិបាលលោកស្រី។
យ៉ាងណាមិញ រដ្ឋាភិបាលរបស់លោក Yanus ក៏បានរងសម្ពាធខ្លាំងផងដែរ អំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ខាងក្រុមប្រឆាំង រួមមានគណបក្សជាតិនិយមបង់ក្លាដែស BNP បានទាមទារឱ្យមានការបោះឆ្នោតឆាប់ៗ ដោយព្រមានអំពីអស្ថិរភាព និងការមិនពេញចិត្តក្នុងចំណោមប្រជាជន ប្រសិនបើការបោះឆ្នោតមិនប្រប្រព្រឹត្តទៅមុនដំណាច់ឆ្នាំនេះ។
គួរបញ្ជាក់ថា មេដឹកនាំគណបក្ស BNP និងជាអតីតនាយករដ្ឋមន្រ្តី គឺលោកស្រី Khaleda Zia ត្រូវបានតុលាការទម្លាក់ចោលការចោទប្រកាន់កាលពីខែមករា ដើមឆ្នាំនេះ ក្នុងសំណុំរឿងពុករលួយឆ្នាំ២០០៨។ ប្រការនេះបើកផ្លូវឱ្យលោកស្រី អាចចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកលថ្មីបាន។ រីឯគណបក្ស Awami League របស់លោកស្រី Hasina កាលពីខែឧសភា ត្រូវបានហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោតឡើយ។ ដោយឡែក លោក Yanus ដែលមិនស្ថិតនៅគណបក្សនយោបាយណាទាំងអស់នោះ ធ្លាប់បាននិយាយថា រូបលោកមិនមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែងទេ៕