(កៀវ)៖ អាជ្ញាធរនៅអ៊ុយក្រែនបានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើទីក្រុង Kherson និង Kharkiv បានបណ្តាលឱ្យមនុស្សយ៉ាងហោច៥នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អភិបាលតំបន់ Kherson លោក Oleksandr Prokudin បានឱ្យដឹងថា ការវាយប្រហារចំលើអគារខ្ពស់មួយកន្លែង នៅទីក្រុង Kherson បានសម្លាប់ប្តីប្រពន្ធមួយគូ។ ចំណែកនៅទីក្រុង Kharkiv វិញ លោក Igor Terekhov ដែលជាអភិបាលទីក្រុងនេះ បានអះអាងថា មនុស្ស៣នាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរ និងយ៉ាងហោច១៧នាក់បានរងរបួស ក្នុងការវាយប្រហារដែលលោកចាត់ទុកថា ខ្លាំងក្លាបំផុតមិនធ្លាប់មានមកលើទីក្រុង Kharkiv គិតចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាម។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ មនុស្សសរុប៦នាក់បានស្លាប់ និង៨០នាក់បានរងបួស ក្នុងការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃរបស់រុស្ស៉ី មកលើអ៊ុយក្រែន។ អ៊ុយក្រែននិយាយថា រុស្ស៉ីបានប្រើយន្តហោះដ្រូនចំនួន ៤០៧គ្រឿង រួមនិងមីស៉ីល៤៥គ្រាប់ ក្នុងការវាយប្រហារនោះ។ ការវាយប្រហារទាំងនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងសប្តាហ៍នេះ បានព្រមានថា នឹងសងសឹកវិញ បន្ទាប់ពីអ៊ុយក្រែនបានឆ្មក់វាយប្រហារក្នុងទ្រង់ទ្រាយធំដោយប្រើដ្រូន ប្រឆាំងនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ី ដែលបណ្តាលឱ្យខូចខាតអស់ជាច្រើនគ្រឿង៕