(Los Angeles)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០០នាក់ ខណៈទីភ្នាក់ងារសហព័ន្ធក្នុងទីក្រុង Los Angeles បាន និងកំពុងប្រឈមមុខ ជាមួយក្រុមបាតុករ ២ថ្ងៃជាប់ៗគ្នាមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឱ្យដឹងថាលោក ត្រាំ បានចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០០នាក់ ដើម្បីដោះស្រាយសកម្មភាព ខុសច្បាប់ដែលកំពុងរីករាលដាល។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា «រដ្ឋបាលលោក ត្រាំ មានគោលនយោបាយមិនអត់ឱនឱ្យដាច់ខាតចំពោះអំពើហិង្សា និងពួកឧក្រិដ្ឋជន ជាពិសេស នៅពេលអំពើហិង្សាមានគោលដៅលើក្រុមមន្ត្រីអនុវត្តច្បាប់ដែលកំពុងព្យាយាមបំពេញការងាររបស់ពួកគេ»។ ក៏ប៉ុន្តែ អភិបាលរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ លោក Gavin Newsom បាននិយាយថាលោកជំទាស់នឹងការដាក់ពង្រាយកងទ័ព។ «ការសម្រេចចិត្តបែបនេះ (ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ) ជាការដុតរោលស្ថានការណ៍ឱ្យកាន់តែក្ដៅ ហើយនឹងមានតែធ្វើឱ្យភាពតានតឹង កើនឡើងតែប៉ុណ្ណោះ»។ នេះជាការគូសបញ្ជាក់របស់លោក Gavin Newsom ដោយបន្ថែមថា «យើងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរប្រចាំទីក្រុង និងតំបន់»។
គួរបញ្ជាក់ថា បាតុកម្មបានផ្ទុះឡើងដំបូងកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ក្រោយទីភ្នាក់អនុវត្តច្បាប់ខាងគយ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE បានដឹកនាំប្រតិបត្តិការអនុវត្តច្បាប់ នៅទីក្រុង Los Angeles និងបានឃាត់ខ្លួនមនុស្សយ៉ាងហោច ៤៤នាក់ ដោយចោទប្រកាន់ថា បានបំពានច្បាប់អន្តោប្រវេសន៍។ ក្រុមមន្ត្រីសន្តិសុខអាមេរិក កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា បានប្រឈមមុខ ដ៏តានតឹងជាមួយក្រុមបាតុករ ក្នុងតំបន់ Paramount នៃទីក្រុង Los Angeles ជាទីដែលក្រុមបាតុករមួយចំនួន បានគ្រវីទង់ជាតិម៉ិកស៊ិក និងអ្នកខ្លះពាក់ម៉ាសបិទមុខការពារឧស្ម័នបង្ហូរទឹកភ្នែក៕