(សៀងហៃ)៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា បាននិយាយថាឧបនាយករដ្ឋមន្ត្រី លោក He Lifeng នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការបរទេសចិន លោក He Lifeng នឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា។ ក្រសួងបន្ថែមថាកិច្ចចរចាលើកដំបូងនៃយន្ដការពិគ្រោះយោបល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិក​ជាមួយសហរដ្ឋអាមេរិកនឹងត្រូវប្រព្រឹត្តទៅអំឡុងដំណើរទស្សនកិច្ចរបស់លោក He Lifeng។

គួរបញ្ជាក់ថា លោក He Lifeng ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូចិនក្នុងកិច្ចចរចាពាណិជ្ជកម្មជុំទី១ជាមួយសហរដ្ឋអាមេរិកកាលពីខែឧសភាផងដែរ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅនេះ បានឱ្យដឹងថារដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick រួមទាំងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នឹងតំណាងឱ្យភាគីអាមេរិក ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយចិន៕