(តូក្យូ)៖ ក្រសួងការពារជាតិនៃប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី៩ ខែមិថុនា បានឱ្យដឹងថា ក្រុមនាវាផ្ទុកយន្តហោះចម្បាំងចិន កាលពីចុងសប្តាហ៍កន្លងទៅនេះ បានធ្វើដំណើរចូលដែនទឹក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន មុនពេលចាកចេញទៅវិញ រួចហើយធ្វើការហ្វឹកហ្វឺនពាក់ព័ន្ធយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន បាននិយាយថា នាវាផ្ទុកយន្តហោះចម្បាំង Liaoning ព្រមទាំងនាវាយោធាចិន ៣គ្រឿងទៀត បានធ្វើដំណើរមកចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រ ពីភាគនិរតីនៃកោះ Minamitori ហើយវាគឺជាលើកដំបូង ដែលនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន បានបើកចូលមកផ្នែកនេះនៃតំបន់ EEZ របស់ប្រទេសជប៉ុន។

ទីក្រុងតូក្យូវាយតម្លៃថា យោធាជើងទឹកចិន កំពុងបន្តពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការ នៅក្នុងតំបន់ឆ្ងាយៗពីឆ្នេរនៃប្រទេសរបស់ខ្លួន។ ក្រោយក្រុមនាវាយោធាចិន បើកចូលតំបន់ EEZ របស់ជប៉ុន កាលពីថ្ងៃសៅរ៍ ហើយចាកចេញទៅវិញ ទីក្រុងតូក្យូមើលឃើញ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា ធ្វើការហ្វឹកហាត់ហោះឡើងនិងចុះចត ពីនាវា Liaoning នៅថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា កាលពីឧសភាកន្លងទៅ នាវាផ្ទុកយន្តហោះចម្បាំង Liaoning បានបើកឆ្លងកាត់កោះចំនួន២ នៅភាគខាងត្បូងប្រទេសជប៉ុន ក្នុងតំបន់ EEZ របស់ជប៉ុន ពីសមុទ្រខាងកើត ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៉ីហ្វិក។ ចំណែក កាលពីខែកញ្ញា ឆ្នាំមុន នាវា Liaoning ក៏បានធ្វើដំណើរកាត់ចន្លោះកោះ២របស់ជប៉ុនផងដែរ ក្បែរកោះតៃវ៉ាន់ នៅតំបន់មួយចម្ងាយត្រឹម​​ប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេររបស់ជប៉ុន។ នាពេលនោះ ទីក្រុងតូក្យូបានចាត់ទុក វាជាសកម្មភាពមិនអាចទទួលយកបាន ហើយបានបង្ហាញក្តីបារម្ភធ្ងន់ធ្ងរទៅកាន់ទីក្រុងប៉េកាំង៕