(ឡុងដ៍)៖ នៅថ្ងៃចន្ទ ទី៩ ខែមិថុនា អគ្គលេខាធិការនៃអង្គការ NATO លោក Mark Rutte ត្រូវបានរំពឹងថា នឹងអំពាវនាវឱ្យ NATO បង្កើនសមត្ថភាពការពារដែនអាកាសនិងមីស៉ីល រហូតដល់៤០០ភាគរយ ដើម្បីឆ្លើយតបការគំរាមកំហែងពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

«យើងមើលឃើញនៅអ៊ុយក្រែន អំពីរបៀបដែលរុស្ស៉ីនាំយកភាពភ័យខ្លាចមកតាមលំហអាកាស ដូច្នេះហើយពួកយើងនឹងនាំគ្នា ពង្រឹងខែលដែលការពារដែនអាកាសរបស់យើង។ ដើម្បីរក្សាសមត្ថភាពកំញើញសត្រូវ និងការពារខ្លួនឱ្យរឹងមាំ NATO ត្រូវតែបង្កើន៤០០% ក្នុងការការពារដែនអាកាសនិងមីស៉ីល»។ លោក Rutte ត្រូវគេរំពឹងថា នឹងធ្វើការអំពាវនាវបែបនេះ អំឡុងសុន្ទរកថាមួយ ទៅកាន់​វិទ្យាស្ថានស្រាវជ្រាវកិច្ចការអន្តរជាតិ Chatham House នៅទីក្រុងឡុងដ៍ នាថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា អំឡុងចុងខែនេះ NATO នឹងត្រូវបើកកិច្ចប្រជុំកំពូលរបស់ខ្លួន នៅប្រទេសហូឡង់ ជាទីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យបណ្តាប្រទេសជាសមាជិក ប្រកាសបង្កើនការចំណាយឱ្យកាន់តែខ្ពស់ ក្នុងកញ្ចប់ថវិកាយោធា​របស់ពួកគេ។ លោក ត្រាំ ចង់ឱ្យសមាជិក NATO បង្កើនការចំណាយលើវិស័យការពារជាតិ ដល់៥ភាគរយនៃ GPD លើសពី​កម្រិតបច្ចុប្បន្នគឺ២ភាគរយ។ ក្រុមប្រទេស NATO បានស្វះស្វែងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ចាប់តាំងតែពីពេលរុស្ស៉ី បានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕